ពោធិ៍សាត់៖ បុរសជាជនសង្ស័យចិត្តឆៅ គំរាមសម្លាប់ប្រជាការពារ ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកក្រគរចាប់ឃាត់ខ្លួន ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅចំណុច ផ្ទះជនរងគ្រោះជាប្រជាការពារ ស្ថិតនៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរខេត្តពោធិ៍សាត់ កាលពីវេលាម៉ោងប្រហែល១៤និង៤០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ។
យោងតាមកំណត់ហេតុ បណ្ដឹងនិង ការបំភ្លឺរបស់ជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នៅវេលាម៉ោងប្រហែល១២និង០៥នាទី ខ្លួនបានជិះម៉ូតូល្បាតជាមួយសមត្ថកិច្ចចំនួន០៥នាក់ ដែលមានលោកនាយរងប៉ុស្តិ៍ចំនួន០២នាក់ មន្ត្រីប៉ុស្តិ៍០១នាក់ និងកម្លាំងប្រជាការពារ ០២នាក់ ពេលកំពុងជិះល្បាតតាមផ្លូវក៏ប្រទះឃើញឈ្មោះ សុខ លីឈៀង កំពុងឆក់ត្រីនៅក្នុងអូរខាងត្បូងស្ពានកកោះជាប់ផ្លូវជាតិលេខ៥ ពេលនោះពួកខ្លួនបានឃាត់ហើយ ធ្វើការដកហូតយកឧបករណ៍នេសាទម៉ាស៊ីនឆក់ត្រីយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ និងអប់រំដាស់តឿនបញ្ឈប់សកម្មភាពនេសាទឆក់ត្រីខុសច្បាប់បន្តទៀត ។
លុះដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១២ និង ០៣នាទី ឈ្មោះ សុខ លីឈៀង បានតេទូរសព្ទទៅខ្លួនសួររកលេខទូរស័ព្ទលោកនាយរងប៉ុស្តិ៍ឈ្មោះ កុយ កូណា តែខ្លួនមិនបានឲ្យទេ ហើយឈ្មោះ សុខ លីឈៀងបានបិទទូរសព្ទបាត់ទៅលុះដល់ម៉ោង១២និង៤០នាទី ថ្ងៃខែឆ្នាំដែលឈ្មោះ សុខ លីឈៀង បានជិះម៉ូតូចូលក្នុងផ្ទះរបស់ខ្លួនហើយកាន់កាំបិតមកជាមួយទៀតផង ដោយនិយាយថាបើមិនយកម៉ាស៊ីនឆក់ត្រីមកឲ្យវាវិញទេនឹងមានបញ្ហាជាមួយវាហើយ ។ ក្រោយកើតមានរឿងហេតុដូចនេះ ជនរងគ្រោះជាប្រជាការពារក៏តេទូរសព្ទសុំជំនួយអន្តរាគមន៍ពីសមត្ថកិច្ច ។
លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថា ក្រោយទទួលទូរសព្ទពីជនរងគ្រោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ បានចុះដល់កន្លែងកើតហេតុ ធ្វើការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សុខ លីឈៀង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំ កើតហេតុខាងលើ យកមកកាន់អធិការដ្ឋាននគរបាលស្រុកក្រគរតាមបញ្ជាឯកឧត្តមកូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីរៀបចំនីតិវិធីចាត់ការបន្ត ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ