ព្រៃវែង៖ ក្មេងទំនើងមួយក្រុម បានធ្វើសកម្មភាពប្រើដាវកាប់បំផ្លាញម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះឈ្មោះ អ៊ឹម ចឺម ខណៈបានជិះម៉ូតូម្នាក់ឯង (មានគ្នាចាំនៅហាងកាហ្វេប្រហែល ៩ នាក់) មកផឹកកាហ្វេនៅចំណុចផ្ទះអ្នកគ្រូម៉ាឡែន ស្ថិតក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ៍ ពេលនោះជនសង្ស័យ បានជិះម៉ូតូ ៣ គ្រឿង កាន់ដាវ ៣ ដើម ហើយបានមកកាប់ម៉ូតូរបស់ជនរងគ្រោះ ហើយជិះម៉ូតូរត់អស់ ។ ជនរងគ្រោះ និងមិត្តភក្តិមិនមានរងរបួសទេ ហើយបានមកប្តឹងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ និងតាមឃាត់ខ្លួនជនសង្ស័យ ។
ក្រោយទទួលពាក្យបណ្តឹងនៅថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៣ វេលាម៉ោង ១៩ និង ០០ នាទី កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ ៤ នាក់ ទី១.ឈ្មោះ រឿន ប៊ុនលាភ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិ ៥ ឃុំព្រែកខ្សាយខ ស្រុកពាមរក៍ ខេត្តព្រៃវែង, ទី២. ឈ្មោះ ឈុំ ផានិត ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិឧត្តុង្គ ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង, ទី៣. ឈ្មោះ ណន ចាន់ដារ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង, ទី៤. ឈ្មោះ ឯម រ៉ូ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិ ៥ ឃុំព្រែកខ្សាយខ ស្រុកពាមរក៍ ខេត្តព្រៃវែង ។
លុះនៅថ្ងៃទី ៣០ ខែឆ្នាំដដែល វេលាម៉ោង ១៩ : ១៥ នាទី កម្លាំងនគរបាល បានបន្តស្រាវជ្រាវរហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ សឹង រដ្ឋា ហៅរ៉ន ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិព្រែកធំ ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង (អ្នកកាន់ដាវ ធ្វើសកម្មភាពកាប់) ។
បច្ចុប្បន្នជនសង្ស័យទាំង ៥ នាក់ដែលបានឃាត់ខ្លួន ត្រូវបានជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ