ជនជាតិចិន និងវៀតណាមជិត ១០នាក់ នាំគ្នាវាយទៅលើជនជាតិខ្មែរ ៥នាក់

0

ព្រះ​សីហ​នុ៖ ករណី​ជម្លោះ​ហឹ ង្សា រវាង​ជនជាតិ​ខ្មែរ ជាមួយ​ជនជាតិ​ចិន​និង​ជនជាតិ​វៀតណាម នៅ​អាគារ​មួយ​កន្លែង​ម្តុំ​អូរ​សំអាត ក្នុង​ក្រុងព្រះសីហនុ ម៉ោង​ជិត​៧​យប់​ថ្ងៃ​២៦​មីនា​២០២៣ ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ច្រើន​នាក់​ផង​នោះ ក្រោយ​កើតហេតុ នគរបាល​ឃាត់ខ្លួន​ជនជាតិ​ចិន​និង​ជនជាតិ​វៀតណាម​ជិត​១០​នាក់ និង​ជនជាតិ​ខ្មែរ​៥​នាក់ នាំ​យក​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ក្នុង​នោះ​សមត្ថកិច្ច​អះអាង​ថា ជនជាតិ​ចិន និង​វៀតណាម​ដែល​ពាក់​ព​ន្ធ័​នឹង​រឿង​នេះ អាច​ប្រឈម​នឹង​ការ​បណ្តេញ​ចេញពី​កម្ពុជា​ផង​ដែរ​។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ដ​ព្រះ​សីហ​នុ ឲ្យ​បណ្តាញ​ផ្សព្វផ្សាយ​ដឹង​ថា ករណី​ហឹ ង្សា​នេះ កើតឡើង​នៅ​ពេល​ដែល​ជនជាតិ​ខ្មែរ​ទាំង​៥​នាក់ បាន​ទៅ​យក​ឥ​វ៉ា​ន់​ដែល​ផ្ញើ​មក​ពី​វៀតណាម ដើម្បី​បញ្ជូន​ទៅ​កាន់​ទីតាំង​ផ្សេង​ៗ តែ​ពេល​ទៅ​ដល់​នោះ​ក៏​ត្រូវ​ជនជាតិ​ចិន និង​វៀតណាម ដែល​ជា​ជន​បង្ក បាន​ចាប់​បង្ខាំង និង​ប្រើ​ហឹ ង្សា​លើ​ជនជាតិ​ខ្មែរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពលរដ្ឋ​នៅ​កន្លែង​កើតហេតុ ហើយ​កម្លាំង​សមត្ថកិច្ច​ទាំង​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​កង​អន្តរាគមន៍ បាន​ទៅ​អន្តរាគមន៍ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ពួក​គេ​ទាំងនេះ​នាំ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ភ្លាម​ៗ ដើម្បី​បន្ត​និ​តិ​វិធី​។

បើ​តាម​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ប្រាប់​បណ្តាញ​ព័ត៌មាន​បន្ថែម​ថា សម្រាប់​ជនជាតិ​ចិន និង​វៀតណាម ដែល​ចាប់​បង្ខាំង​និង​បង្ក​ហឹ ង្សា​មក​លើ​ជនជាតិ​ខ្មែរ​នេះ ក្នុង​ករណី​រក​ឃើញ​ថា មាន​បញ្ហា​ទោសទណ្ឌ​ធ្ងន់ធ្ងរ សមត្ថកិច្ច​នឹង​ធ្វើ​តាម​នីតិវិធី ឈាន​ទៅ​ដល់​ការ​បណ្តេញ​ចេញពី​កម្ពុជា​ទៀត​ផង​៕

ប្រភព៖ Huy Bunleng News