ជិះម៉ូតូបត់​ឆ្វេងឆ្លងផ្លូវអត់ប្រុងប្រយ័ត្ន ត្រូវរថយន្តបុកបណ្តាលអោយរបួសធ្ងន់ ២នាក់

0

ពោធិ៍សាត់​៖ កាលពី​ថ្ងៃ​ច័ន្ទ​១៤​រោច ខែ​ផល្គុន ឆ្នាំខាល ចត្វា​ស័ក​ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​៩​និង​២៦​នាទី​ព្រឹក មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ជាមួយ​ម៉ូតូ​បត់​ឆ្វេង​ឆ្លងផ្លូវ​ស្រប​ទិស​គ្នា បណ្ដាល​ឲ្យ​រង​របួសធ្ងន់​០២​នាក់ ហេតុការណ៍​នេះ​កើតឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​៥៥​ចន្លោះ​គីឡូម៉ែត្រ ២៥–២៦ ស្ថិត​នៅ​ភូមិ​សំរោង​១ ឃុំ​សំរោង​ស្រុក​ភ្នំក្រវាញ​ខេត្តពោធិ៍សាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​ម៉ូតូ​០១​គ្រឿង ម៉ាក​វ៉េវ សេរី​ចាស់ ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ឃឹម សាន ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​ហេង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ​ខេត្តពោធិ៍សាត់​(​រង​របួសធ្ងន់​)​និង​អ្នក​រួម​ដំណើរ​ជាមួយ​ត្រូវជា​ចៅ​ឈ្មោះ ឃឹម នី​កា ភេទ​ស្រី អាយុ​០៨​ឆ្នាំ រស់នៅ​ភូមិ ក្សេត្រ​បូ​រី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​(​រង​របួសធ្ងន់​)​បើកបរ​ពី​ត្បូង​ទៅ​ជើង​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ស្រាប់តែ​មាន​រថយន្ត​០១​គ្រឿង ម៉ាក​ហា​យ​ឡិន​ឌ័​រ សេរី​២០០៣ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2Q-6816 បុក​យ៉ាង​ពេញទំហឹង បើកបរ​ដោយ​ឈ្មោះ ឆេ​ង គឹ​ម​ហុង ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ រស់នៅ​ភូមិ​ពពាល ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។

រីឯ​អ្នក​រង​របួសធ្ងន់​ត្រូវ​បាន​សមត្ថកិច្ច​នឹង​ក្រុម​គ្រូពេទ្យ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់​។

លោក​វរសេនីយ៍ទោ ចែត សម្បត្តិ អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​កម្លាំង​នគរបាល​ចរាចរណ៍​បាន​ចុះ​ទៅ​ពិនិត្យ​និង​ធ្វើការ​វាស់វែង​រួច​ហើយ​បាន​សន្និដ្ឋាន​ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​មក​ពី​អ្នកបើកបរ​ម៉ូតូ​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។

រីឯ​វត្ថុ​តាង​ខាងលើ​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ