បាត់ដំបង៖ នៅថ្ងៃអង្គារ ៨រោច ខែលផ្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៦៥៥ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ដែលមានលោកវរសេនីយ៍ឯក សន និល ជាអធិការនគរបាលស្រុក រួមគ្នាជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ឈឿង គឹមសុង ជានាយការិយាល័យ បានធ្វើការបង្ក្រាបករណីឃាតកម្ម ១ករណី ឃាត់ខ្លួនមុខសញ្ញាចំនួន ០១នាក់ឈ្មោះ យ៉ុន សំអូន ភេទប្រុស អាយុ ១៩ឆ្នាំ នាំយកមកធ្វើការសាកសួរស្រាវជ្រាវ។
សូមជម្រាបជូនថានៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចក្រុមទី០១ ភូមិស្វាយជួរ ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីឃាតកម្មមួយបានកើតឡើងដែលករណីនេះបង្កដោយជនសង្ស័យឈ្មោះ យ៉ុន សំអូន ភេទប្រុសអា យុ១៩ឆ្នាំ ត្រូវជាប្អូនបង្កើតបានធ្វើសកម្មភាពយកកូនកាំបិតចិតបន្លែចាក់ទៅលើជនរងគ្រោះឈ្មោះ យ៉ន យៀត ភេទប្រុស អាយុ២៤ឆ្នាំ ជាបងបង្កើតរស់នៅកន្លែងកើតហេតុខាងលើបណ្តាលឱ្យងរបួសធ្ងន់ធ្ងរនិងបានស្លាប់បាត់បង់ជីវិតនៅពេលបន្ទាប់ហើយជនសង្ស័យរត់គេចខ្លួនបាត់នៅពេលនោះ។ ក្រោយកើតហេតុសមត្ថកិច្ចនគរបាលធ្វើការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនបាន និងធ្វើការសាកសួរចំពោះមូលហេតុនៃករណីឃាតកម្មនេះ ដែលតាមចម្លើយជាបឋមជនសង្ស័យបានឆ្លើយថា មូលហេតុដែលខ្លួនប្រព្រឹត្តិបែបនេះ គឺដោយសារខ្លួនមានទំនាស់ពាក្យសំដីជាមួយគ្នាបន្តិចបន្តួចក៏ផ្តើមទៅដល់ការប្រើហិង្សាដោយយកកូនកាំបិតនេះចាក់ទៅលើជនរងគ្រោះតែម្តង (ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន)។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ