បាត់ដំបង៖ នៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៨និង៤៥នាទី ស្ថិតក្នុងភូមិចំការត្រប់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូកង់បីនិងម៉ូតូ បណ្តាលអោយមនុស្សម្នាក់របួសធ្ងន់និងមនុស្ស ០២នាក់ទៀតស្លាប់បាត់បង់ជីវិត។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយ ម៉ូតូម៉ាកកង់បី មួយគ្រឿង ពណ៍ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1AA-1551 អ្នកបើកបរឈ្មាះ សែ វុទ្ធី ភេទប្រុស អាយុ ប្រហែល ៣៧ឆ្នាំ នៅភូមិក្បាលហុង ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង (របួសធ្ងន់) ទិសដៅបញ្ច្រាស់គ្នាពីជើងទៅត្បូងមកដល់ចំណុចកើតហេតុក៏បុកជាមួយម៉ូតូមួយគ្រឿង ម៉ាកសងឌ្រឹម ពណ៍ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AR-3236 អ្នកបើកបរឈ្មោះ លឿត ទី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិឈើទៀល ឃុំសិរិមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង (ស្លាប់នឹងកន្លែងកើតហេតុ) និងអ្នករួមដំណើរឈ្មោះ ជឿន អេន ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (ស្លាប់នឹងកន្លែងកើតហេតុ)។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកបវេល បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលដោយសារភាគីម៉ូតូកង់បីបើកបរលឿនខ្វះការប្រុងប្រយ័ត្ន ចំណែកភាគីម៉ូតូសងឌ្រីមបើកបរល្បឿនលឿនមិនប្រកាន់ស្តាំ ទើបបណ្តាលអោយ បុកគ្នាពេញទំហឹងតែម្តង។
បច្ចុប្បន្ន នគរបាលស្រុកភ្នំព្រឹកបានយកមធ្យោបាយបង្ក និងវត្ថុតាងបានយកទៅរក្សារទុកនៅអធិការដ្ឋានគរបាលស្រុកភ្នំព្រឹក ដើម្បីដោះស្រាយតាមនីតីវិធី ។ ជនរងគ្រោះរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ