ពោធិ៍សាត់៖ យ៉ាងហោចណាស់មានមនុស្ស០៣នាក់ រងរបួសធ្ងន់ស្រាល ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ០២ករណីកើតឡើងជាបន្តបន្ទាប់នៅស្រុកក្រគរ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ។លោកវរសេនីយ៍ទោ ត្រិញ ដុង អធិការរង នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថានៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០២ករណី នៅលើកំណាត់ផ្លូវជាតិលេខ៥ ករណីទី១ គឺកើតឡើងនៅវេលាម៉ោង១៦និង៣០នាទី ត្រង់ចំណុចចន្លោះគីឡូ ម៉ែត្រលេខ១៦៣–១៦៤ ស្ថិតក្នុងភូមិក្រាំងធំ ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ដោយម៉ូតូ ម៉ាកHONDA. C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ ១M.៣៦៨២ ធ្វើចរាចរណ៍ពីលិចទៅកើត បើកបុកគោដើរឆ្លងថ្នល់ បណ្ដាលឲ្យខូចខាតម៉ូតូ០១គ្រឿង រងរបួសមនុស្ស ០២នាក់ ស្រី០១នាក់។
ជនរងគ្រោះទី១ មានឈ្មោះ ហៀក អាណាន់ ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ជាអ្នករួមដំណើរ រងរបួសធ្ងន់បាក់ដៃទាំងសងខាង ទី២ឈ្មោះ ហៀង សុវណ្ណ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្នល់បត់ ឃុំឬស្សីក្រាំង ស្រុកមោង ខេត្តបាត់ដំបង ជាអ្នកបើកបរម៉ូតូ រងរបួសស្រាល ។
ករណីនេះដែរគឺបង្កមកពីកត្តាល្បឿន ជនរងគ្រោះទាំងពីរត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ចំពោះវត្ថុតាងម៉ូតូ០១គ្រឿង យើងបានប្រគល់អោយតំណាងជនរងគ្រោះឈ្មោះ រ៉ាន់ មុំ ភេទស្រី អាយុ ២៤ឆ្នាំ យកទៅរក្សាទុកនៅកន្លែងធ្វើការវិញ ។
ទី២នៅវេលាម៉ោង ១៩និង៤៦នាទីយប់នៅចំណុចចន្លោះគីឡូម៉ែត្រ ១៤២–១៤៣ ស្ថិតក្នុងភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរខេត្តពោធិ៍សាត់ ដោយរថយន្ត CAMRY បុករថយន្ដ HIGHLANDER ធ្វើចរាចរណ៍ច្រាសទិសគ្នា បណ្ដាលឲ្យខូចខាត រថយន្ត០២ គ្រឿង រងរបួសធ្ងន់ ០១ នាក់ស្រី ។ មុនពេលកើតហេតុមានរថយន្តម៉ាកTOYOTA CAMRY ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ២N.៦៨០១ ធ្វើចរាចរណ៍ពីលិចទៅកើត បើកបរដោយឈ្មោះ ឆោម ឈួន ភេទប្រុស អាយុ ៥៦ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិហង្សឈូក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ( មិនរងរបួស ) មកដល់ចំណុចកើតហេតុបានបុករថយន្តមួយគ្រឿងទៀតម៉ាកTOYOTA HIGHLANDER ពណ៌ទឹកមាស ពាក់ស្លាកលេខ បាត់ដំបង ២C.៤២៣០ ធ្វើចរាចរណ៍ពីកើតទៅលិចច្រាសទិសគ្នាបើកបរដោយឈ្មោះ វ៉ន ភារុន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបាដាកជើង ឃុំរស្មីសង្ហា ស្រុករតនៈមណ្ឌលខេត្តបាត់ដំបង ( មិនរងរបួស ) អ្នករួមដំណើរឈ្មោះ សូ អួន ភេទស្រី អាយុ ៦២ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា ត្រូវជាម្តាយបង្កើត រងរបួសស្រាល ត្រូវបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពអន្សាចំបក់ ។ មូលហេតុ នៃគ្រោះថ្នាក់ចរាចរណ៍នេះគឺរថយន្ត CAMRY បើកបរមិនប្រកាន់ស្តាំ និងប្រើប្រាស់ល្បឿនលឿន ចំពោះវត្ថុតាងរថយន្ត០២គ្រឿង យើងបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់ជាបណ្ដោះអាសន្ន ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ