សម្តេចតេជោ ហ៊ុន សែន៖ កំណែទម្រង់វិស័យអប់រំ បានធ្វើឱ្យមានការផ្លាស់ប្តូរឥរិយាបថសង្គមនិងលុបបំបាត់វប្បធម៌អន្តរាគមន៍នានា

0

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កំណែទម្រង់វិស័យអប់រំបានប្រែក្លាយឥរិយាបថសិស្ស និងគ្រួសារនិងបានលុបបំបាត់នូវវប្បធម៌អន្តរាគមន៍ផងដែរ។ ការគូសបញ្ជាក់របស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងជូនរង្វាន់ដល់សិស្សនិន្ទេស A ទូទាំងប្រទេសចំនួន ១ ០៤៩ នាក់ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកែទម្រង់ប្រឡងមធ្យមសិក្សាទុតិយ ភូមិ(បាក់ឌុប)បង្កើតឱ្យមានការខិតខំប្រឹងប្រែងនៅក្នុងសង្គម ជាពិសេសគឺការខិតខំផ្ទាល់ខ្លួនរបស់សិស្ស។ សម្ដេចតេជោបញ្ជាក់ថា អ្នកចេះបានជាប់ដែលធ្វើឱ្យវប្បធម៌នៃការអន្តរា គមន៍ដែលពេលប្រឡងមានការនាំចូលសម្ភារ និងបាញ់ព្រីយ៉ុងចូលទៅក្នុងថ្នាក់ អន្តរាគមន៍រត់ការដើម្បីឱ្យកូនជាប់។ តែវប្បធម៌នេះត្រូវបានបញ្ចប់អន្តរាគមន៍នានាក៏ត្រូវបានបញ្ចប់ជំនួសវិញដោយការផ្លាស់ប្ដូរមួយនៅក្នុងគ្រួសារឪពុក ម្ដាយអាណាព្យាបាលបានជំរុញឱ្យកូនឱ្យចៅខិតខំរៀនសូត្រ បងបង្រៀនប្អូន នេះជាការផ្លាស់ប្ដូរធំណាស់បើយើងប្រៀបធៀបជាមួយនឹងរយៈការកន្លងទៅ ។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីលើកឡើងថា ការផ្លាស់ប្ដូរនេះបានខិតខំទាំងរដ្ឋនិងក្រុមគ្រួសារ គឺឪពុកម្ដាយបងប្អូនបានខិតខំជួយបង្រៀនកូន ប្អូន ឱ្យខិតខំរៀនសូត្រនេះបើនិយាយពីផ្ទៃក្នុងក្រុមគ្រួសារ។ ចំណែកនៅខាងក្រៅ អាជ្ញាធរខេត្តនៅមូលដ្ឋានបានខិតខំជួយដល់សិស្សនៅក្នុងខេត្តរបស់ខ្លួន លោកគ្រូ អ្នកគ្រូ និង ក្រុមការងារថ្នាក់ជាតិចុះ មូលដ្ឋាន សុទ្ធតែបានខិតខំជួយដល់ សិស្សនៅក្នុងមូលដ្ឋានរបស់ខ្លួន។

សម្ដេចតេជោបានថ្លែងបញ្ជាក់ថា ខេត្តខ្លះជួលគ្រូបំប៉នដល់សិស្សត្រៀមប្រឡង ពេលប្រឡងផ្តល់កន្លែងស្នាក់នៅ ដឹកជញ្ជូន ពេលប្រឡងជាប់ផ្តល់រង្វាន់ លើកទឹកចិត្តបន្ថែមទៀត ៕

ប្រភព៖ ក្រសួងព័ត៌មាន