សម្ដេច​ក្រឡាហោម ស ខេ​ង ណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ និងគ្មានការលើកលែង ចំពោះអ្នកបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន និងគ្រឿងស្រវឹង

0

ភ្នំពេញ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​) បាន​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ ដែល​មាន​សមត្ថកិច្ច ត្រូវ​យកចិត្តទុកដាក់ ដោយ​ត្រូវ​ចាត់វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​គ្មាន​ការ​លើកលែង លើ​អ្នកបើកបរ​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​។

សម្ដេច​ក្រឡាហោម មាន​ប្រសាសន៍​ថា «​ទន្ទឹម​នឹង​ការ​រៀបចំ​ច្បាប់ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ថ្មី យើង​ត្រូវ​បន្ត​អនុវត្ត​ច្បាប់ ដែល​នៅ​ជា​ធរមាន​។ បន្ត​ដឹកនាំ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​និរន្ត​ភាព ស្រប​តាម​តំបន់​ភូមិសាស្ត្រ កន្លែង​ដែល​កើត​មាន​គ្រោះថ្នាក់​ច្រើន ជាមួយ​គ្នា​នេះ​ត្រូវ​យកចិត្ត​ទុក​លើ​អ្នកបើកបរ​យានយន្ត​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​គ្រឿងញៀន និង​គ្រឿង​ស្រវឹង ដោយ​ត្រូវ​ចាត់​វិធាន​ឱ្យ​បាន​ម៉ឺងម៉ាត់ លើ​ការ​ពិន័យ ឬ​ប​ញ្ចូ​ន​ទៅ​តុលាការ ដោយ​គ្មាន​ការ​លើកលែង​»​។

ការ​ណែនាំ​នេះ​ក្នុង​ឱកាស​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆ្នាំ​២០២២ និង​លើក​ទិស​ដៅ​ការងារ​ងា ឆ្នាំ​២០២៣ នៅ​ស្ដី​ការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នា​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៣​។​សម្ដេច​ក្រឡាហោម ស ខេ​ង បាន​បញ្ជាក់​ប​ន្ងែ​ម​ថា អង្គភាព​ជំនាញ ត្រូវ​សិក្សា កសាង​ផែនការ និង​មាន​វិធានការ​ឱ្យ​បាន​ច្បាស់លាស់ តាម​ដំណាក់កាល​នីមួយ​ៗ ដើម្បី​កសាង​ផ្លូវ​ថ្មី ពង្រីក ឬ​ជួសជុល​កែ​លម្អ​ផ្លូវថ្នល់​ដែល​មាន​ស្រាប់ បង្កើត​ចំណត ឱ្យ​បាន​ច្រើន និង​ចាត់វិធានការ​គ្រប់គ្រង​ដី​ចំណី​ផ្លូវ​ឱ្យ​បាន​គត់​មុត​។ សម្ដេច​ក្រឡាហោម បន្ដ​ថា ជាមួយ​នេះ ត្រូវ គិតគូ​អំពី​ការ​បំពាក់​បរិក្ខា​ផ្លូវថ្នល់​ឱ្យ​បាន​គ្រប់គ្រាន់​សម​ស្រប​តាម​ស្ថានភាព​ផ្លូវ បន្ត​គាំទ្រ​ដល់​ការ​បំពាក់​កាមេរ៉ា​អ​ចល័ត​នៅ​តាម​ផ្លូវ​នានា និង​ត្រូវ​បែងចែក​សមត្ថកិច្ច គ្រប់គ្រង​ថែទាំ​ផ្លូវថ្នល់​ឱ្យ​បាន​ច្បាស់លាស់ រវាង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ សម្ដេច​ក្រឡាហោម ស ខេ​ង ក៏​បាន​លើក​ឡើង​ថា ដើម្បី​ឆ្លើយ​តប​នឹង​ការ​រីក​ចម្រើន​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ និង​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​បង្កើន​ការ​កសាង​សមត្ថភាព ចំណេះដឹង​អំពី​ច្បាប់ ជំនាញ បច្ចេកទេស​ប្រតិបត្តិការ​របស់​ខ្លួន ស្រប​ជាមួយនឹង​ក្រមសីលធម៌ វិន័យ អាកប្បកិរិយា​ល្អ​ចំពោះ​ប្រជាពលរដ្ឋ​ផង​ដែរ​៕

ប្រភព៖ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស