ស្លាប់ភ្លាមៗ ព្រោះតែជិះម៉ូតូដួលលើ​ផ្លូវ​ក្រាល​ក្រួស​ក្រហម

0

ពោធិ៍សាត់​៖ កាលពី​ថ្ងៃអាទិត្យ​១​កើត ខែមាឃ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​និង​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៧​និង​២៥​នាទី​ល្ងាច មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង នៅ​លើ​ផ្លូវ​ក្រាល​ក្រួស​ក្រហម ស្ថិត​នៅ​ភូមិ​ក្បាល​ទាហាន ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​នៅ​ក្នុង​មូលដ្ឋាន​ចុះ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក​វ៉េវ​អាល់​ហ្វា ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ ញ៉ូ​ង គង់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ធ្វើ​ចរាចរណ៍​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។ ចំពោះ​សព​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

លោក​វរសេនីយ៍ឯក មោក ភារ​ម្យ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​បាន​ចុះ​ទៅ​ពិនិត្យ​និង​ធ្វើការ​វាស់វែង​រួច​ហើយ​បាន​សន្និដ្ឋាន​ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​មក​ពី​កត្តា​អ្នកបើកបរ​ម៉ូតូ​ប្រើប្រាស់​ល្បឿន​លឿន មិន​ពាក់មួក​សុវត្ថិភាព​និង​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ រីឯ​ម៉ូតូ​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ផ្ទះ​វិញ​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ