ភ្នំពេញ៖ ជាមួយនឹងការចូលរួមរំលែកមរណៈទុក្ខជនរងគ្រោះ ដែលបានស្លាប់ក្នុងគ្រោះអគ្គិភ័យនៅកាស៊ីណូ Grand Diamonds City ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា នេះជារឿងដែលគួរឱ្យសោកស្ដាយមួយដែលបានកើតនៅក្នុងចុងឆ្នាំ២០២២នេះ។
ក្នុងពិធីបើកការដ្ឋានសាងសង់ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ (ពីបែកគុស ដល់កំពង់ត្រាច) និងផ្លូវជាតិលេខ៣៣ (ពីក្រុងកំពត ដល់ច្រកលក) ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី ៣០ខែធ្នូ ឆ្នាំ ២០២២ នៅស្រុកទឹកឈូ ខេត្តកំពត សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ចូលរួមមរណៈទុក្ខជាមួយជាមួយនឹងឧបទ្ទេវហេតុ ភ្លើងឆេះកាស៊ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានមនុស្សស្លាប់ជាង ១០នាក់ និងរបួសរាប់សិបនាក់។
សម្ដេចតេជោថ្លែងបញ្ជាក់ថា តាមរបាយការណ៍ព្រឹកមិញបានឱ្យដឹងថា យប់មិញនេះយើងបានគ្រប់គ្រងបានជាបន្តបន្ទាប់ ហើយក៏បានបង្ហាញឱ្យឃើញថា យើងត្រូវការសម្ភារបរិក្ខារជាច្រើនទៀត ព្រោះថាអគារ១៦ជាន់នេះ យើងត្រូវចល័តឡានទឹកទៅពីចម្ងាយ ដែលយប់មិញនេះបងប្អូនធ្វើការទាំយប់រហូតគ្រប់គ្រងបាន។ សម្ដេចតេជោបន្តថា ព្រឹកនេះយើងស្វះស្វែងរកសាកសពជាបន្តទៅទៀត ដែលតាមការឱ្យដឹង គឺមនុស្សដែលនៅទីនោះមានជាង ១ ០០០ នាក់ និងបុគ្គលិកជាង ៥០០នាក់ ហើយរបួស ៧៣នាក់ ទាំងខ្មែរទាំងបរទេស ចំពោះអ្នកស្លាប់តាមការប៉ាន់ស្មានចំនួន១៦នាក់ ហើយរកឃើញសព១២នាក់។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបន្ដទៀតថា ឥឡូវយើងបន្តរកតទៅទៀត ហើយនេះគឺជារឿងសោកនាដកម្មមួយដែលជារឿងអាក្រក់បានកើតនៅក្នុងចុងឆ្នាំនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំ ត្រូវរៀបចំរថយន្តពន្លត់អគ្គីភ័យសម្រាប់បាញ់ទឹកនៅតាមអគារខ្ពស់ៗ និងបានអរគុណភាគីថៃ ដែលបានចូលរួមសហប្រតិបត្តិការក្នុងការសង្គ្រោះក្នុងឧបទ្ទេវហេតុនេះ និងអគុណចំពោះកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានចូលរួមក្នុងការដោះស្រាយឧបទ្ទេវហេតុនេះ។
សម្ដេចតេជោក៏បានស្នើឱ្យរៀបចំជាបន្ទាន់នៅសណ្ដាប់ធ្នាប់ ដើម្បីបើកឱ្យដំណើរការនូវច្រកទ្វារប៉ោយប៉ែតឡើងវិញ ដែលជាច្រកទ្វារទេសចរណ៍ផង និងជាច្រកទ្វារដឹកទំនិញឆ្លងកាត់ផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន