សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលនឹងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែទៀត តភ្ជាប់ពីភ្នំពេញទៅបាវិត

0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែទៀត តភ្ជាប់ពីភ្នំពេញទៅបាវិត ព្រំដែនវៀតណាម។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបង្ហាញពីការខិតខំនេះ នៅលើផេកផ្លូវការនាព្រឹកថ្ងៃទី០៩ ខែធ្នូឆ្នាំ២០២២ ខណៈសម្ដេចកំពុងធ្វើដំណើរលើផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ ដើម្បីធ្វើជាអធិបតីពិធីបើកព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី៩ នៅក្រុងព្រះសីហនុ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃស្អែកទី១០ ខែធ្នូ។

គួររម្លឹកថា កាលពីដើមខែវិច្ឆិកា កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាជីវកម្មផ្លូវថ្នល់ និងស្ពានចិន (CRBC) បានចុះកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលគ្រោងនឹងបើកការដ្ឋាននៅឆ្នាំ២០២៣ ហើយនឹងចំណាយពេលសាងសង់ប្រមាណ ០៤ឆ្នាំ។

គម្រោងផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត នេះ មានប្រវែង ១៣៨ គីឡូម៉ែត្រ ដែលគ្រោងនឹងចំណាយថវិកាប្រមាណជាង ១,៦ ពាន់លានដុល្លារ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏កំពុងសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន