ពោងសុវត្ថិភាពចំនួន៦០០ពោង ត្រូវបានដាក់ពង្រាយនៅបណ្ដោយឆ្នេរអូត្រេះនិងឆ្នេរអូរឈើទាល

0

ព្រះសីហនុ៖ ដើម្បីសុវត្ថិភាពភ្ញៀវទេសចរណ៍ទាំងជាតិនិង អន្តរជាតិ មកលេងលំហែនៅក្នុងក្រុងព្រះសីហនុលោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថាបច្ចុប្បន្នមន្ទីរបានដាក់ពង្រាយពោងសុវត្ថិភាពចំនួននួន ៦០០ពោងចាប់ពីឆ្នេរអូឈើទាល១ ឆ្នេរអូរឈើទាលទី ២និង ឆ្នេរអូត្រេះស្ថិតនៅក្នុងសង្កាត់លេខ ៤ក្រុងព្រះសីហនុ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តក៏បានបញ្ជាក់បន្ថែមថា ការដាក់ពោងទាំងនេះក្នុងគោលបំណងដើម្បីកំណត់សុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ទាំងជាតិនិង អន្តរជាតិពេលងូតទឹកកំសាន្តបញ្ជៀសពីការបើកបរ ដោយម៉ូតូទឹក ទូក កប៉ាល់ ហាមមិនឱ្យបើកចូលនៅក្នុងបរិវេណពោងសុវត្ថិភាពដែលអាចបង្កគ្រោះថ្នាក់ដល់បងប្អូនភ្ញៀវទេសចរណ៍ងូតទឹកកំសាន្ត។ ជាមួយគ្នានេះផងដែរ លោកប្រធានមន្ទីរក៏បានបញ្ជាក់បន្ថែមថាក្រៅពីពោងសុវត្ថិភាព មន្ទីរទេសចរណ៍បានរៀបចំសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន តំបន់ឆ្នេរក៏ដូចជាទីតាំងទេសចរណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិ និង អន្តរជាតិមកលេងកម្សាន្ត ព្រោះខេត្តព្រះសីហនុនៅថ្ងៃទី៩ដល់ថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២២នាពេលខាងមុខនេះគឺមានព្រឹត្តិការណ៍សំខាន់ៗដូចជាមហាសន្និបាតក្លឹបឆ្នេរស្អាតនិងពិធីបុណ្យសមុទ្រដែលនឹងមានភ្ញៀវទេសចរណ៍ទាំងជាតិអន្តរជាតិមកលេងច្រើន។

ដូចនេះហើយមន្ទីរតម្រូវឲ្យមានការចូលរួមពីវិស័យឯកជន បងប្អូនអាជីវករ ប្រតិបត្តិករ ក្នុងវិស័យទេសចរណ៍ចូលរួមថែរក្សាអនាម័យបរិស្ថានរក្សាតម្លៃ គុណភាព សេវាកម្មដឹកជញ្ជូន រៀបចំសោភ័ណភាពឲ្យបានស្អាតក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍មកលេងឲ្យបានកាន់តែច្រើន៕

ប្រភព៖ ក្រសួងព័ត៌មាន