ម៉ូតូបុកម៉ូតូពីក្រោយ បណ្តាលអោយបុរសម្នាក់របួសធ្ងន់

0

ពោធិ៍សាត់ ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៣ និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយម៉ូតូហុងដាឌ្រីមសេ១២៥ បុកម៉ូតូហុងដា ស្គូពីអាយ ពីក្រោយ បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ ស្ថិតលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចមុខផ្ទះឈ្មោះ រី  រីក ក្នុងភូមិដូង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិសាត់ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ៖ មុនពេលកើតហេតុ ឃើញមានម៉ូតូពីរគ្រឿងខាងលើ ធ្វើដំណើរស្របគ្នា ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ម៉ូតូម៉ាកហុងដា ស្គូពីអាយ បានបត់ឆ្វេងបម្រុងចូលផ្ទះ តែដោយធ្វេសប្រហេសមិនបានមើលក្រោយ ត្រូវម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ដែលកំពុងធ្វើដំណើរក្នុងល្បឿនលឿនផងនោះ ក៏បុកម៉ូតូហុងដាស្គូពី ពីក្រោយ បណ្តាលឲ្យអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម រងរបួសធ្ងន់ ។

លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានប្រាប់ឲ្យដឹងថា ៖ គ្រោះថ្នាក់ចរាចរណ៍ខាងលើគឺបណ្តាលមកពីកត្តាបើកបរខ្វះការប្រុងប្រយ័ត្ន កត្តាប្រើប្រាស់ល្បឿន និងមិនពាក់មួកសុវត្ថិភាព តុល្យភាពនៃការខូចខាត មានម៉ូតូ០២គ្រឿង រងរបួសធ្ងន់ ០១នាក់ប្រុស ។ ជនរងគ្រោះត្រូវសមត្ថកិច្ចស្គាល់អត្តសញ្ញាណឈ្មោះ ឆៃ សារ៉ាន់  ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិសាត់ ជាអ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1G-9291 រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ។ ចំពោះអ្នកម៉ូតូម៉ាកហុងដា ស្គូពីអាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IM-4969 មានឈ្មោះ អាន សុភ័ក្រ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដូង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ពុំមានរងរបួសទេ ។

បច្ចុប្បន្នវត្ថុតាងម៉ូតូទាំងពីរគ្រឿង សមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច ជាបណ្ដោះអាសន្ន ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ