បើកម៉ូតូរ៉េចង្កូតចូលទៅបុកឡាន បណ្តាលអោយស្លាប់ភ្លាមៗ

0

បាត់ដំបង៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៧និង៤០នាទី ផ្លូវលេខ៥៧B ចំណុចក្រុមទី១០ ភូមិ បឹងពពូល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងងម៉ូតូបណ្តាលអោយមនុស្ស ០១នាក់ស្លាប់បាត់បង់ជីវិត។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយ ម៉ូតូ០១គ្រឿង ម៉ាកហុងដា Zoomer (ហ្សូមមើ) ពណ៌ក្រហមស ពាក់ស្លាកលេខ បាត់ដំបង 1P-8369 អ្នកបើកបរ ឈ្មោះ ទូច អុំតាក់ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិស្ពានទំនៀប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានបើកក្នុងទិសដៅពីលិចទៅកើត លុះដល់កន្លែងកើតហេតុបានបើករ៉េទៅបុករថយន្ត ០១គ្រឿង ដែលបើកបរច្រាស់ទិសគ្នាបណ្ដាលអោយដួលស្លាប់ នៅកន្លែងកើតហេតុ។ រថយន្តនោះម៉ាកលុចស៊ិស GS300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 2A-6118 អ្នកបើកបរ (រត់គេចពីកន្លែងកើតហេតុ)។

ក្រោយកើតហេតុ កម្លាំងជំនាញចរាចរណ៍ខេត្ត សហការជាមួយសមត្ថកិច្ចជំនាញស្រុក បានចុះធ្វើការត្រួតពិនិត្យនិងវាស់វែង បានអោយដឹងថាមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងម៉ូតូបើកបរក្នុងល្បឿន លឿនមិនប្រកាន់ស្ដាំ និងមិនពាក់មួកសុវត្ថិភាព។

បច្ចុប្បន្ន នគរបាលជំនាញរួចដកហូតមធ្យោបាយបង្កទាំងពីរគ្រឿង យកមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ដ ដើម្បីរង់ចាំដំណោះស្រាយតាមនីតីវិធី។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ