បាត់ដំបង ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៩និង៣០នាទី ស្ថិតនៅចំណុច ក្រុមទី២៩ ភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១ករណី ។ ជនរងគ្រោះឈ្មោះ ម៉ក់ សំបូរ ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅ ភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានអោយកម្លាំងសមត្ថកិច្ចចុះពិនិត្យទីកន្លែងហេតុ និងសាកសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ ក្រុមការងារបានធ្វើការសន្និដ្ឋានបានថា សពឈ្មោះ ម៉ក់ សំបូរ នេះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។ មូលហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹង រួចជិះម៉ូតូធ្លាក់ប្រឡាយទឹកបណ្ដាលឲ្យលង់ទឹកស្លាប់ ។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ