កំពត៖ ដោយមានការយកចិត្តទុកដាក់ ចង្អុល បង្ហាញ និងបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ក្នុងការបង្រ្កាបនូវរាល់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទ នៅទូរទាំងខេត្តកំពត។ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានគរបាលខេត្ត បានបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ០១ករណី។
ថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២២ និង២០នាទី ស្ថិតនៅភូមិសាស្រ្ត ស្រុកកំពង់ត្រាច ការិយាល័យប្រឆាំងគ្រឿងញៀន បានបង្រ្កាបមុខសញ្ញា រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ស្ថិតនៅភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ មានឈ្មោះ ចេង ដាំ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិអង្គសុរភី ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។ ដកហូតវត្ថុតាងរួមមានថ្នាំញៀនចំនួន ០១កញ្ចប់។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿង និងវត្ថុតាងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព៖ ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តកំពត