កុំច្រឡំជិះកង់ហាត់ប្រាណណា!! នេះជិះកង់ដើរលក់គ្រឿងញៀន

0
បន្ទាយមានជ័យ​៖​ នៅវេលាម៉ោង០០និង១៥នាទីរំលងអាធ្រាត្រ ថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ​២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វេីការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងដកហូតវត្ថុតាងថ្នាំញៀនមួយចំនួន​ នៅចំណុចភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីសួរនាំ ។

 

លោកវរសេនីយ៍ត្រី​ យ៉ាន់ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័​ណ​បានឱ្យដឹងថា​ កម្លាំងរបស់លោកបានចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុង រហូតដល់វេលាម៉ោង០០និង១៥នាទី ឈានចូលថ្ងៃទី១៨​ ​ខែតុលា​ ឆ្នាំ​២០២២ ពេលដល់ចំណុចភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានប្រទះឃើញបុរសម្នាក់ឈ្មោះ ឈិន រិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ កំពុងតែជិះកង់គួរឱ្យសង្ស័យ ទើបកម្លាំងរបស់លោកបានហៅមកសួរនាំ ហើយធ្វើការឆែកឆេរ រកឃើញមានគ្រឿងញៀនប្រភេទទឹកកក ចំនួន០២កូនថង់កិប ទម្ងន់ ១,៦១ក្រាម និងសម្ភារៈមួយចំនួន ក្រោយមកកម្លាំងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង ។

 

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានប្រាប់ឱ្យដឹងទៀតថា បេីតាមចម្លើយរបស់ជនសង្ស័យ​បានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមកលក់ផង និងប្រើប្រាស់ខ្លួនឯងផង ។ ដោយផែកលើចម្លើយសារភាព ព្រមទាំងមានវត្ថុតាងផង ជនសង្ស័យរូបនេះត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់បន្ត ។

 

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

 

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន​ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ នៅព្រឹកថ្ងៃពុធ ទី១៩ ខែតុលា​ ឆ្នាំ​២០២២នេះ​ហើយ ៕

 

ប្រភព៖ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ