ឃាត់ខ្លួនជនបរទេស ២នាក់ ក្រោយប្រើវិធីសាស្ត្រមួយនេះ ដើម្បីបោកប្រាស់លុយតាមបណ្តាញសង្គម

0
ភ្នំពេញ ៖ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ១) ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិនីហ្សេរីយ៉ា (ប្តី) និង ២) ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធ) ពាក់ព័ន្ធនឹងករណីឆបោកប្រាក់តាមបណ្តាញសង្គម WhatsApp ក្រោមរូបភាពលួងលោម សុំស្រឡាញ់ និងសន្យាផ្ញើប្រាក់រួមទាំងអីវ៉ាន់មានតម្លៃពីក្រៅប្រទេសមកឱ្យជនរងគ្រោះ ក្រោយមកស្ត្រីជាប្រពន្ធក្លែងបន្លំខ្លួនជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន ហើយបានទំនាក់ទំនងតាមទូរសព្ទទៅជនរងគ្រោះ ដើម្បីទាមទារ កម្រៃ ឬថ្លៃសេវាផ្សេងៗ។

 

បន្ទាប់ពីបញ្ចប់ការសាកសួរ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំងពីរនាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ តាមរយៈករណីនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះ​ការ​ទទួល​ប្រាក់​ ឬ​សម្ភារៈ​ដែល​គ្មាន​ប្រភព​ច្បាស់​លាស់​ ដែលអាចធ្វើឱ្យធ្លាក់ចូល​អន្ទាក់​ក្នុង​ការ​ឆបោក​ ឬ​ចូល​រួម​ប្រព្រឹត្ត​បទល្មើស​ដោយ​មិន​ដឹង​ខ្លួន​៕

 

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា