ពោធិ៍សាត់៖ ព្រឹត្តការណ៍ពីធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ លើកទី៣ ក្នុងខេត្តពោធិ៍សាត់ នឹងចាប់ផ្តើមបើកដំណើរការប្រគួតប្រជែង ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយមានទូកចូលរួមពីបណ្ដាមន្ទីរអង្គភាព ក្រុង ស្រុក ចំនួន២៦ទូក គឺស្មើនឹង១៣គូរ។
ពិធីនេះដែរ នឹងត្រូវធ្វើឡើងរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៦-១៨ ខែតុលា ឆ្នាំ២០២២ នៅវេទិកាអុំទូក រ៉បផ្លូវលេខ១០១ ជាប់ដងស្ទឹងពោធិ៍សាត់។ ព្រឹត្តការណ៍បុណ្យអុំទូក ដែលគ្រោងរៀបចំនេះ ក៏មានកម្មវិធីជាអាទិ៍ ពិធីប្រណាំងទូក ពិធីបណ្តែតប្រទីប ពិធីអកអំបុក និងសំពះព្រះខែ ដែលជាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូផង់ តាំងពីបុរាណកាល ព្រមទាំងមានពិធីមួយចំនួនទៀតដូចជា៖ «ពិព័រណ៍សមិទ្ធផលភូមិមួយផលិតផលមួយ របស់បណ្តាក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ផ្ទាំងទស្សនីយភាពសិល្បៈ ការប្រគុំតន្ត្រីសម័យ និងការដុតកាំជ្រួចនាពេលរាត្រី រយៈពេល៣ថ្ងៃពេញ»។
ទាំងនេះចាត់ទុកជាការគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញចូលរួមកំសាន្តសប្បាយរីករាយឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់តាំងពី បុរាណកាលមក កិត្យានុភាពជាតិ និងសក្តានុពលនៃខេត្តពោធិ៍សាត់ផងដែរ៕
ប្រភព៖ Pursat Provincial Hall