អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវអោយអ្នកសារព័ត៌មានទាំងអស់ត្រូវអនុវត្ដតួនាទីភារកិច្ចរបស់ខ្លួនតាមគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ

0

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានអំពាវនាវ ដល់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានទាំងអស់ សូមធ្វើយ៉ាងណាអនុវត្ដតួនាទីភារកិច្ចរបស់ខ្លួនតាមគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីលើកម្ពស់សេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន។ ការអំពាវនាវរបស់ឯកឧត្តម មាស សុភ័ណ្ឌ បែបនេះ ដោយ សារតែកាលពីពេលថ្មីៗនេះ មានក្រុមអ្នកឡាយវីដេអូតាមរយៈ Facebook មួយចំនួនដែលអះអាងថា ខ្លួនជាអ្នកសារព័ត៌មាន បានប្រើពាក្យសម្ដីអសុរោះទៅលើព្រះសង្ឃមួយអង្គ ដែលមានបញ្ហារលាកស្រោមខួរក្បាល។

ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មានក៏ដូចជាអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានទាំងអស់ ធ្វើយ៉ាងណាអនុវត្ដតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួល ខុសត្រូវ គោរពឱ្យបានជាដាច់ខាតនូវអ្វីដែលជាគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន ក៏ដូចជាច្បាប់សារព័ត៌មាន ចៀសវាងការរាយការណ៍ដោយពុំ បានផ្ទៀងផ្ទាត់នូវប្រភពឱ្យបានគ្រប់ជ្រុងជ្រាយក៏ដូចជា ការប្រើប្រាស់ពាក្យសម្ដីអសុរោះ ពាក្យសម្ដីជេរប្រមាថ ឬក៏ពាក្យសម្ដីមិនសមរម្យ នៅក្នុងការរាយការណ៍ព័ត៌មានរបស់ខ្លួន ដែលនាំឱ្យប៉ះពាល់ដល់គុណតម្លៃរបស់អ្នកសារព័ត៌មាន ប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន ហើយក៏វានឹងប្រាសចាក ពីច្បាប់ក៏ដូចជាក្រមសីលធម៌សារព័ត៌មាន។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីបុគ្គលដែលអះអាងថាខ្លួនជាអ្នកសារព័ត៌មាន ហើយផ្សាយផ្ទាល់ដោយប្រើពាក្យសម្តីប្រមាថដល់ព្រះសង្ឃមួយអង្គ ដែលមានបញ្ហាខួរក្បាលថ្មីៗនេះ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មានកំពុងពិនិត្យលើការផ្សព្វផ្សាយថា តើអ្នកសារព័ត៌មាននោះបានចុះបញ្ជីស្របច្បាប់នៅក្រសួងព័ត៌មានដែរឬទេ? ព្រមទាំងខ្លឹមសារនៃការផ្សព្វផ្សាយ។ ក្នុងករណីរកឃើញថា អ្នកសារព័ត៌មាននោះបានចុះបញ្ជីត្រឹមត្រូវ នៅក្រសួង ខាងក្រសួងនឹងធ្វើការអប់រំណែនាំ តម្រង់ទិសបុគ្គលរូបនោះឱ្យគោរពឱ្យបានខ្ជាប់ខ្ជួនទៅតាមគោលការណ៍ក្រមសីលធ៌មវិជ្ជាជីវៈសារព័ត៌មាន ក្នុងការរាយការណ៍ព័ត៌មានប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសេចក្តីថ្លៃថ្នូរដោយអនុលោមតាមច្បាប់របបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ឬអាចនឹងឈានទៅបញ្ចប់អាជ្ញាបណ្ណតែម្តង៕

ប្រភព៖ ក្រសួងព័ត៌មាន