ភ្នំពេញ៖ ក្រសួងមហាផ្ទៃកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)ដើម្បីបម្រើដល់ការគ្រប់គ្រងយានដែលគ្មានមនុស្សបើកនៅកម្ពុជា។ ថ្លែងក្នុងកិច្ចប្រជុំលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី ការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) កាលពីរសៀលទី០៦ ខែតុលា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាពាក់ព័ន្ធលើការងាររៀបចំ តាក់តែងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក(ដ្រូន) សម្រាប់ធ្វើជា ក្រឹត្យក្រមគតិយុត្ត នៃច្បាប់មួយដើម្បីបម្រើដល់ការគ្រប់គ្រងយានដែលគ្មានមនុស្សបើកនៅកម្ពុជា។
នាឱកាសនោះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាង អនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ ចុងក្រោយនេះ វិស័យអាកាសយានគ្មានមនុស្សបើក(ដ្រូន)នេះ មានការរីកដុះដាលយ៉ាងខ្លាំង ហើយចំពោះ ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ក៏មានសន្ទុះកើនឡើងយ៉ាងឆាប់រហ័យនៅតាមបណ្តា ប្រទេសជាច្រើនលើសកលលោក រួមទាំងតំបន់ផងដែរ សម្រាប់បម្រើឱ្យវិស័យពាណិជ្ជកម្ម សេវាកម្មដឹក ជញ្ជូន វិស័យកសិកម្ម វិស័យសិល្បៈកម្សាន្ត ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការងារជួយសង្គ្រោះជាដើម។
ឯកឧត្តមបន្តថា នៅក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្ននេះ ប្រទេសភាគច្រើនទាំងនៅក្នុងតំបន់អ៊ឺរ៉ុប និង អាស៊ី គេបានប្រើប្រាស់អាកាសយានគ្មានមនុស្សបើកនេះ ឆ្លើយតបលើដំណាំ បាញ់ថ្នាំសម្លាប់សត្វល្អិត ថតពិនិត្យលើផលដំណាំ ដែលនាំឱ្យចំណេញពេលវេលា និងមិនបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់មនុស្ស។ ក្រៅពីនេះនៅមានផលប្រយោជន៍ជាច្រើនផ្សេងទៀត ដូចជាការជួយសង្គ្រោះជីវិតមនុស្សសត្វ នៅពេល មានអគ្គិភ័យកើតឡើង ឬមានបាតុភូតធម្មជាតិផ្សេងៗ។ ឯកឧត្តមបញ្ជាក់ថា ទោះបីជាអាកាសយានគ្មានមនុស្សបើក(ដ្រូន) មានសារៈសំខាន់ជាច្រើនក៏ដោយ ប៉ុន្តែផ្ទុយទៅវិញគេអាចប្រើប្រាស់អាកាសយានគ្មានមនុស្សបើកឬដ្រូន សម្រាប់ប្រព្រឹត្តអំពើភេរវកម្ម ឬ បទល្មើសនានា ដូចជាការដាក់គ្រឿងបំផ្ទុះ ឬឧបករណ៍លួចថតឈ្លបយកការណ៍ ដែលធ្វើឱ្យប៉ះពាល់ ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ។
ហេតុនេះ ដើម្បីធានាដល់ការប្រើប្រាស់អាកាសយាន គ្មានមនុស្សបើក (ដ្រូន) ឱ្យបានត្រឹមត្រូវ និងផ្តល់ផលប្រយោជន៍ដល់សង្គមជាតិ តម្រូវឱ្យមានច្បាប់ ឬ លិខិបទដ្ឋានគតិយុត្ត សម្រាប់គ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)។ លើសពីនេះទៀតឯកឧត្តមបន្ថែមថា បច្ចុប្បន្ននៅព្រះរាជាណាចក្រកម្ពុជា ពុំទាន់មានច្បាប់ ឬលិខិត បទដ្ឋានគតិយុត្តសម្រាប់គ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូននៅឡើយទេ បើប្រៀបធៀប ទៅនឹងបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ាន ដែលមានច្បាប់គ្រប់គ្រងរួចហើយ។ ឯកឧត្តមបន្តថា ក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យនេះ បានដឹកនាំអង្គភាពពាក់ព័ន្ធធ្វើការសិក្សាស្រាវជ្រាវ នូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធលើការគ្រប់គ្រង ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ពីបណ្តាប្រទេសជាច្រើននៅតំបន់អ៊ឺរ៉ុប សហរដ្ឋអាមេរិក តំបន់អាស៊ី ដូចជានៅប្រទេស ជប៉ុន ចិន សឹង្ហបុរី ថៃ និងវៀតណាមជាដើម ដើម្បីជាធ្វើជាមូលដ្ឋាននៅក្នុងការរៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យនេះឡើង ក្នុងគោលបំណងគ្រប់គ្រងការប្រើប្រាស់នូវអាកាសយានគ្មានមនុស្សបើក (ដ្រូន) ឱ្យបានត្រឹមត្រូវក្នុង បទដ្ឋានបច្ចេកទេស ធានាបានផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងបញ្ចៀសគ្រោះថ្នាក់ ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានសម្តែង ការអរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលបានរួមសហការគ្នាសិក្សាស្រាវជ្រាវយ៉ាងទូលំទូលាយ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងបានផ្តួចផ្តើមនូវធាតុចូលសំខាន់ៗ ដើម្បីរៀបចំតាក់តែងសេចក្តី ព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) ឱ្យបានគ្រប់ជ្រុងជ្រោយ។សម្តេចក្រឡាហោម បានណែនាំដល់ក្រុមការងារ និងអង្គភាពពាក់ព័ន្ធទាំងអស់ បន្តរួមគ្នាសហការសិក្សា ស្រាវជ្រាវ និងពិនិត្យកែសម្រួលឱ្យបានល្អិតល្អន់បន្ថែមទៀតលើការងារដ៏មានសារៈសំខាន់នេះ។
សូមបញ្ជាក់ថា អនុក្រឹត្យ ស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូននេះ បានរៀបចំតាក់តែង ឡើង តាំងពីឆ្នាំ២០១៨ ក្នុងគោលបំណងគ្រប់គ្រងការចុះបញ្ជី ការនាំចូល ការផលិត ការតម្លើង ការកែច្នៃ ការកំណត់តំបន់ហាមឃាត់នូវការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ទាំងអស់ លើកលែងតែ អាកាសយានគ្មានមនុស្សបើក ឬដ្រូន ដែលប្រើប្រាស់សម្រាប់បម្រើឱ្យវិស័យការពារជាតិ និងសន្តិសុខជាតិ ដែលកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក៕
ប្រភព៖ ក្រសួងព័ត៌មាន