ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បញ្ជា ហាមដាច់ខាតមិនឱ្យមានការបង្កើតកន្លែងសាសនាផ្សេងៗបន្ថែមទៀត នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីកុំឱ្យប៉ះពាល់និងពិបាកដោះស្រាយទៅថ្ងៃក្រោយ។ . ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា វត្តអារាមនៅតំបន់រមណីយដ្ឋានអង្គរ ដែលមាន ទាំងអស់ ៣៥វត្ត នឹងមិនត្រូវបានរុះរើដូចលំនៅឋានរបស់ប្រជាពលរដ្ឋនោះទេ គឺត្រូវរក្សាទុកដដែល ព្រោះទីតាំងវត្តអារាមទាំងអស់នោះបានកសាងឡើងរាប់រយឆ្នាំមកហើយ។ សម្តេចតេជោក៏បានសំណូមពរឱ្យគ្រប់វត្តអារាមដែលនៅតំបន់រមណីយដ្ឋានអង្គរ ទាំងអស់ ត្រូវបញ្ឈប់ការកសាងចេតិយបន្ថែមទៀត និងការកប់សព លើកលែងតែព្រះចៅអធិការវត្ត ឬគ្រូសូត្រឆ្វេង គ្រូសូត្រស្ដាំ នៅក្នុងវត្តដែលអាចធ្វើបាន ។
សម្តេចតេជោ ក៏បានណែនាំក៏ដូចជាដាក់បទបញ្ជា ឱ្យអាជ្ញាធរជាតិអប្សរា អាជ្ញាធរនៅក្នុងតំបន់ ផ្នែកធម្មការនិងសាសនា មើលការខុសត្រូវនៅតាមទីវត្តអារាម សម្រាប់ការលក់ដូរ គឺត្រូវមានអនាម័យ រៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អផងដែរ។ បន្ថែមពីនោះទៀត អាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្តសៀមរាម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវហាមដាច់ខាតមិនឱ្យមានការសាងសង់វត្តអារាមថ្មីនៅក្នុងតំបន់រមណីយដ្ឋានអង្គរ មិនថា វិហារព្រះពុទ្ធសាសនា ឥស្លាមសាសនា ឬគ្រិស្តសាសនា ផងដែរ។
សំឡេង « ហាមឃាត់ការកសាងវត្តបន្ថែម វត្តព្រះពុទ្ធក្តី វិហារឥស្លាមក្តីឬវិហារគ្រិស្តក្តី ឬផ្នែកជំនឿផ្សេងៗនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ហាមដាច់ខាតបើមិនអ៊ីចឹងទៅដោតទង់ និមន្តលោក២អង្គរទៅ សុំបង្កើតធ្វើជាវត្ត អត់មានឱ្យធ្វើទេ ក្រសួងធម្មការ និងសាសនាត្រូវមើលរឿងនេះឱ្យមែនទែន អាជ្ញាធរជាតិអប្សរាត្រូវមើលខ្លួនឯងនៅហ្នឹង។ ក្រសួងធម្មការ និងសាសនាមានបណ្តាញរបស់ខ្លួននៅតាមខេត្ត អភិបាលខេត្តជាគណៈបញ្ជាការឯកភាពនៅទីនេះ និងមើលការទទួលខុសត្រូវលើ អាហ្នឹង កុំឱ្យបន្តិចវិហារឥស្លាម១ទៅ វិហារព្រះពុទ្ធទៅ វិហារយេស៊ូគ្រិស្ត១ទៅ កើតក្នុងតំបន់នោះពិបាកគ្រប់គ្រង អ៊ីចឹងទេអនុញ្ញាតជូនបានត្រឹមតែ៣៥វត្ត ដែលកំពុងមានវត្តមាននៅទីនេះ មិនអនុញ្ញាតឱ្យបង្កើតបន្ថែម ឬបង្កើតទៅជាខ្ទម ឬខ្លះចង់ទៅធ្វើរូបចម្លាក់ បដិមាករ កន្លែងនេះកន្លែងនោះ ទៅធ្វើកន្លែងផ្សេងក្រៅពីតំបន់នោះទៅ »៕
ប្រភព៖ ក្រសួងព័ត៌មាន