អភិបាលក្រុងប៉ោយប៉ែត អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅជាប់អូរព្រំដែនទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់

0

ប៉ោយប៉ែត៖ អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅឋានតាមជាប់អូរព្រំដែនទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ពីព្រោះស្ថានភាពទឹកអូរ បាន និងកំពុងកើនឡើងខ្លាំងគួរឱ្យព្រួយបារម្ភ ដោយបានជន់លិចតំបន់ទំនាបមួយចំនួនតាមអូរព្រំដែនក្នុង ភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ប៉ុន្មានថ្ងៃមកនេះ។

ការអំពាវនាវបែបនេះ ក្នុងឱកាសលោក គាត ហ៊ុល បានរួមដំណើរជាមួយឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារ អាជ្ញាធរមូលដ្ឋាន កងកម្លាំងចម្រុះ បានចុះពិនិត្យស្ថានភាពទឹកអូរព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត បន្ទាប់ពី មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាច្រើនថ្ងៃកន្លងមក ធ្វើឱ្យទឹកអូរព្រំដែនកើនឡើងគួរ ឱ្យព្រួយបារម្ភ និងបានជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួនស្ថិតនៅក្នុងភូមិប៉ោយប៉ែត និងភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ។

លោក គាត ហ៊ុល បានប្រាប់ថា អាជ្ញាធរក្រុងប៉ោយប៉ែតបានត្រៀមរួចជាស្រេច នៅទី ទួលសុវត្ថិភាព និងស្បៀងអាហារ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារ ទឹកជំនន់នេះ។

លោកអភិបាលក្រុងប៉ោយប៉ែតបានណែនាំដល់ប្រជាពលរដ្ឋ ក្នុងករណីមាន អាសន្នសូមរាយការណ៍មកអាជ្ញាធរពាក់ព័ន្ធជាបន្ទាន់ ដើម្បីអន្តរាគមន៍ជម្លៀសមកកាន់ទីទួល សុវត្ថិភាពឱ្យបានទាន់ពេលវេលានោះ។ ពីព្រោះបច្ចុប្បន្ននេះរដ្ឋបាលក្រុងប៉ោយប៉ែត បានចាត់ក្រុមការងាររៀបចំទីទួលសុវត្ថិភាព និងត្រៀមស្បៀងបម្រុងបណ្តោះអាសន្ន ដើម្បី ត្រៀមទទួលបងប្អូនប្រជាពលរដ្ឋរួចជាស្រេចហើយផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន