កណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូន សាធារណជន ទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Je Phea ដែលបានបង្ហោះផ្សព្វផ្សាយ មានខ្លឹមសារថា៖ រមណីយដ្ឋានកៀនស្វាយក្រៅឈ្មោះ ស្រស់ ស្រីលីន នៅកៀនស្វាយក្រៅ សូមអាជ្ញាធរស្រុកកៀនស្វាយ ខេត្តកណ្តាល មេត្តាជួយត្រួតពិនិត្យផង កន្លងមកមានបញ្ហារឿងតំលៃច្រើនលើកមកហើយទៅលើកន្លែងកំសាន្ត និងរមណីយដ្ឋានកំសាន្តម្តុំកៀនស្វាយនេះ។ សូមលោកស្នងការខេត្តកណ្តាល ឯកឧត្តម ឈឿន សុចិត្រ មេត្តាជួយត្រួតពិនិត្យផង!(បង្កងហៅគិតឆ្នាំង ៦៥,០០០៛) ដល់ពេលគិតលុយគិតជាគីឡូ 1kg=35$ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលកណ្តាល បានចាត់ឱ្យលោកអធិការនគរបាលស្រុកកៀនស្វាយ ស្រាវជ្រាវករណីខាងលើ។
ជាលទ្ធផល៖ នៅថ្ងៃអង្គារ ២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ លោកអធិការបានបញ្ជាកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ចុះទៅដល់ហាងយីហោឈ្មោះ ស្រស់ ស្រីលីន ដោយម្ចាស់ហាងមានឈ្មោះ គឹម ប៊ុននី ភេទប្រុស អាយុ៥៧ឆ្នាំ មានទីតាំងនៅរមណីយដ្ឋានវត្តកៀនស្វាយក្រៅ ស្ថិតក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងបានសាកសួរពាក់ព័ន្ធករណីខាងលើ ពេលនោះម្ចាស់ហាងបានបកស្រាយថា៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១១:០0នាទី មានភ្ញៀវមកអង្គុយលេងនៅគ្រែទឹករបស់គាត់រួចបានកម្ម៉ង់ម្ហូបបង្កងចំនួន ២ឆ្នាំងធំ, មាន់ដុតមួយ, ខ្ចងចំហុយ, ជ្រូកព្រៃ, បាយ, ទឹកកក, ទឹកសុទ្ធ ដោយឱ្យភ្ញៀវមើលតម្លៃមុខម្ហូបលើមីនុយសិនចាំកម្ម៉ង់មុខម្ហូប។ លុះដល់គិតប្រាក់ភ្ញៀវបានតវ៉ាលើមុខម្ហូប បង្កងចំនួន ២ឆ្នាំងធំតម្លៃ ២៨០,០០០៛ (ពីរសែនប្រាំបីម៉ឺនរៀល)។ ភ្ញៀវក៏បានសុំឱ្យគិតប្រាក់មុខម្ហូបបង្កងតម្លៃស្មើម្ហូបជ្រូកព្រៃ គឺមួយឆ្នាំងតម្លៃ ៦៥.០០០៛(ប្រាំមួយម៉ឺនប្រាំពាន់រៀល) ២ឆ្នាំង សរុបប្រាក់ ១៣០.០០០៛ (មួយសែនបីម៉ឺនរៀល) ប៉ុន្តែម្ចាស់ហាងមិនព្រមក៏មានការប្រកែកគ្នាបន្តិច ក្រោយមកភ្ញៀវក៏បានព្រមឱ្យប្រាក់គ្រប់ចំនួន និងបានជិះរថយន្តចេញទៅបាត់ទៅ ។
ចំពោះម្ចាស់ហាងខាងលើ សមត្ថកិច្ចបានអប់រំ ណែនាំ ឱ្យរៀបតម្លៃមុខម្ហូបលើមីនុយឱ្យបានត្រឹមត្រូវ កុំឱ្យកើតមានរឿងហេតុយល់ច្រឡំនេះទៀត៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល