អាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៦៧០ លានដុល្លារអាមេរិកដល់កម្ពុជា

0

ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២១ អាល្លឺម៉ង់បានផ្តល់ហិរញ្ញប្បទានឥតសំណងទ្វេភាគី ប្រមាណ ៦៧០ លាន ដុល្លារអាមេរិក ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ។

ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិ សម្បទានិងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ. នា/ ក. អ. ក) ក្នុងនាមរាជរដ្ឋាភិបាល កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលតែងតែផ្ដល់ការគាំទ្រ និង រួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសលើវិស័យអាទិភាព (ការអភិវឌ្ឍជនបទ, សុខាភិបាល និងគាំពារសង្គម, អភិបាលកិច្ច និងអាកាសធាតុ) ។ ក្នុងឱកាសទទួលជួបសំដែងការគួរសមជាមួយ ឯកឧត្តម Stefan Anton Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពនៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជាទើបតែតែងតាំងថ្មី កាលពីពេលថ្មីៗនេះ នៅទីស្តីការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២១ ភាគី អាល្លឺម៉ង់បានបើកផ្តល់ ហិរញ្ញប្បទានឥតសំណងទ្វេភាគី ប្រមាណ ៦៧០ លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ២. ៦% នៃទំហំ ហិរញ្ញប្បទានទាំងអស់ផ្តល់ដោយដៃគូអភិវឌ្ឍន៍មកកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូត អំពីការត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលគ្រោងនឹងប្រព្រឹត្តនៅ ខែតុលា ឆ្នាំ២០២២ ។

ក្នុងឱកាសជំនួបនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត Stefan Anton Messerer បានថ្លែងអំណរគុណ និងសំដែង នូវសេចក្តីសោមនស្ស រីករាយក្នុងការបានបំពេញមុខងារជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏យូរលង់រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាល្លឺម៉ង់ចាប់តាំងពី ឆ្នាំ១៩៩៤ និងបានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបាន ដាក់នូវគោលការណ៍នៃភាពជាម្ចាស់ជាការណែនាំ សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលផ្ដល់ភាព ងាយស្រួល ដល់ដៃគូអភិវឌ្ឍន៍ក្នុងការតម្រឹមហរិញ្ញប្បទានឱ្យមានសង្គតិភាពយ៉ាងល្អប្រសើរ ទៅនឹងអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរដ្ឋទូត សង្ឃឹមជឿជាក់ថា ចំណងការទូត និងភាពជា ដៃគូក្នុង កិច្ចសហប្រតិបត្តិការទ្វេភាគី នឹងត្រូវបានបន្តពង្រឹង និងពង្រីកកាន់តែល្អប្រសើរបន្ថែមទៀតនាពេលខាងមុខ ។ លើសពីនេះ ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់លើប្រធានបទពាក់ព័ន្ធ រួមមាន វិស័យមីក្រូហិរញ្ញវត្ថុ ហិរញ្ញប្បទានសម្បទាននិងវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងប្រទេស ទាំងពីរផងដែរ ។

សូមបញ្ជាក់ថា គោលដៅចម្បងនៃកិច្ចជំនួបនោះ គឺដើម្បីសំដែងការគួរសម និងពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍រវាងកម្ពុជា-អាល្លឺម៉ង់ ក៍ដូចជាផ្លាស់ប្ដូរយោបល់ និងបទពិសោធន៍ ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ នាពេលអនាគត ៕

ប្រភព៖ ក្រសួងព័ត៌មាន