ឈ្លោះគ្នាក្នុងវង់ផឹក!! ប្អូនថ្លៃយកកាំបិតកាប់បងថ្លៃ របួសធ្ងន់

0

បាត់ដំបង៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៨និង៣៥នាទី ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព បានធ្វើការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសកើតឡើងមួយលើក ។

យោងតាមរបាយការណ៍របស់ នគរបាលស្រុកសំពៅលូន បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ មិត្ត ឡៃ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន  ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកកាំបិតកញ្ចែតកាប់ដំឡូងកាប់ទៅលើជនរងគ្រោះ ០១នាក់ឈ្មោះ សុង ប្រុស ភេទប្រុស អាយុ ២៨ឆ្នាំ ត្រូវជាបងថ្លៃ មានទីលំនៅផ្ទះជាមួយគ្នាបណ្តាលឲ្យរងរបួសដៃខាងឆ្វេង និងមុខខាងឆ្វេង (រងរបួសធ្ងន់ធ្ងរ) កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៣និង២០នាទី ត្រង់ចំណុចក្រុមទី០៩ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ នៅចំពោះមុខសមត្ថកិច្ចជនសង័្សយបានឆ្លើយសារភាពថា មូលហេតុដែលខ្លួនយកកាំបិតកញ្ចែតកាប់ដំឡូងកាប់លើជនរងគ្រោះបែបនេះគឺដោយសារខ្លួនស្រវឹងស្រាឈ្លោះប្រកែកទាស់សម្តីគ្នា។ សម្ភារៈដកហូតបានមានកាំបិតកញ្ចែតកាប់ដំឡូងចំនួន ០១ ជាវត្ថុតាងដែលជនសង័្សយប្រើប្រាស់ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបាននាំយកទៅព្យាបាលនៅមន្ទីរពេទ្យ រីឯជនសង័្សយសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ