ភ្នំពេញ៖ ជាមួយនឹងកាលើកឡើងរបស់អ្នកវិភាគដ៏ឆ្កួតលីលាមួយចំនួន ដែលថារាជរដ្ឋាភិបាលផ្អាកព្រះរាជពិធីបូណ្យអុំទូកឆ្នាំនេះដោយសារខ្វះថវិកានោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា«យើងមិនខ្វះ លុយសម្រាប់ដោះស្រាយបញ្ហាត្រឹមបុណ្យអុំទូកនោះទេ ព្រោះក្នុងមួយខែយើងបានបញ្ចេញថវិកាប្រមាណ៤០ លានដុល្លារអាម៉េរិក ដើម្បីជួយដល់ប្រជាជនក្រីក្ររបស់យើង ហើយយើងក៏មិនខ្វះលុយសម្រាប់រៀបចំពិធីបុណ្យអុំទូក ដែលចំណាយត្រឹម តែ ៤ ឬ៥លានដុល្លារតែប៉ុណ្ណោះ»។
ក្នុងសារជាសំឡេងផ្ញើជូនជនរួមជាតិថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កាលពីសប្ដាហ៍កន្លងទៅនេះ សម្ដេចបានសម្រេចនៅក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីថា ឆ្នាំនេះយើងមិនធ្វើពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ថ្នាក់ជាតិនៅទីក្រុងភ្នំពេញនោះទេ ប៉ុន្តែអនុញ្ញាតឱ្យបងប្អូនជនរួមជាតិ ជាពិសេសនៅតាមមូលដ្ឋានខេត្តនានា អាចរៀបចំពិធីប្រណាំងទូកទៅតាមចំណង់ចំណូលចិត្ត ហើយដែលមកដល់ពេលនេះខេត្តខ្លះបានត្រៀមបម្រុងទូកសម្រាប់អុំទូកយ៉ាងច្រើន។ ប៉ុន្តែមានមជ្ឈដ្ឋានមួយចំនួនក៏បានចេញមកវិភាគ ឬក៏វាយតម្លៃថា មូលហេតុដែលនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្អាកការអុំទូកថ្នាក់ជាតិ គឺដោយសារមូលហេតុរដ្ឋាភិបាលអស់លុយ។ សម្ដេចតេជោ ក៏បានវាយតម្លៃខ្ពស់ចំពោះអ្នកវិភាគដ៏ឆ្កួតលីលារបស់ក្រុមមនុស្សមួយក្ដាប់តូច ហើយថ្លែងថា សម្ដេចពិតជាទទួលស្គាល់ថា ប្រទេសកម្ពុជាក្រីក្រ ក៏ប៉ុន្តែប្រទេសកម្ពុជាមិនទាន់ដល់ដំណាក់កាលនៃរដ្ឋក្ស័យធននោះទេ យើងនៅតែមានលទ្ធភាពដើម្បីចំណាយ ទៅលើពីធីបុណ្យអុំទូកមួយប្រសិនបើត្រូវរៀបចំ។ប៉ុន្តែសម្ដេចតេជោ ក៏បញ្ជាក់ថាហេតុអ្វីបានជាសម្ដេចសម្រេចចិត្ត ធ្វើការលុបចោលនូវបុណ្យអុំទូកឆ្នាំនេះ។
មានមូលហេតុពីរសំខាន់ ដែលសម្ដេចសុំការយោគយល់សម្រាប់ ព្រះសង្ឃ និងប្រជាពលរដ្ឋរបស់យើង នោះគឺទី១. បញ្ហាកូវីដមិនទាន់ចប់ទេ។ យើងបានលុបចោលបុណ្យអុំទូកនៅឆ្នាំ២០២០ និង២០២១ ហើយឆ្នាំនេះយើងបន្តលុបបុណ្យទូកនៅឆ្នាំ២០២២ជាបន្តទៀត។ ដោយសារបញ្ហាកង្វល់ធំរបស់យើង គឺមិនចង់ឱ្យមានការប្រមូលផ្ដុំទ្រង់ទ្រាយធំសម្រាប់ទីក្រុងភ្នំពេញហូសហេតុពេកនោះទេ។ បងប្អូនជនរួមជាតិអាចដឹងបានហើយថា ជារៀងរាល់ឆ្នាំប្រជាជនបានប្រមូលផ្ដុំនៅទីក្រុងភ្នំពេញ មានមនុស្សរាប់លាននាក់នៅទីនេះ។ ដូច្នេះប្រសិនបើមានការឆ្លងរីករាលដាលដោយសារកូវីដ១៩ វានឹងបង្កើតបាននូវស្ថានភាពដ៏គ្រោះថ្នាក់មួយទៀត។ដូច្នេះយើងមិនបានធ្វើនៅឆ្នាំ២០២០ និងឆ្នាំ២០២១ ក៏ដោយសារមូលហេតុកូវីដ ។ ឯឆ្នាំ២០២២ ក៏មានមូលហេតុកូវីដ ហើយយើងក៏មិនចង់រំខានទៅដល់បងប្អូនដែលត្រូវនាំទូកនិងចំណុះទូកពីបណ្ដាខេត្តមកកាន់ទីក្រុងភ្នំពេញ ក្នុងពេលវេលាដែលត្រូវបង្កបង្កើនផលនោះទេ។ នេះជាមូលហេតុងាយយល់ ដែលប្រជាជនយើងបានឆ្លងកាត់ក្នុងរយៈកាលនៃកូវីដឆ្នាំ២០២០ ឆ្នាំ២០២១ ហើយនឹងបន្តនៅឆ្នាំ២០២២។
ឯមូលហេតុទី២. គឺជាមូលហេតុកាន់តែសំខាន់ជាងនេះទៀត ដោយសារតែ ថ្ងៃបុណ្យអុំទូក គឺ ចំថ្ងៃទី០ ៧ ទី០៨ និងទី០៩ ខែវិច្ឆិកាចំណុចនេះគឺជាចំណុច ដែលសម្ដេចតេជោបញ្ជាក់ថា តាមការគ្រោងរៀបចំរបស់យើង គឺយើងចាប់ ផ្ដើមប្រជុំអាស៊ាននៅថ្ងៃទី ១០ ទី១១ ទី១២ និងទី១៣ខែវិច្ឆិកា គឺជាការប្រជុំដ៏ធំនៅទីក្រុងភ្នំពេញ ដែលមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធយ៉ាងច្រើនមកកាន់ទីក្រុងភ្នំពេញ ហើយប្រសិនបើកម្មវិធីគ្មានការផ្លាស់ប្ដូរទេ ចាប់ផ្ដើមពីថ្ងៃទី០៧ ខែវិច្ឆិកា គឺមានទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាម ថ្ងៃទី០៨ មានទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីចិន និងថ្ងៃទី០៩ មានទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីហ្វីលីពីន។
សម្តេចតេជោបានបន្ថែមថា នេះមិនទាន់គិតទៅដល់ដែលយើងត្រូវប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ដែលព្រះករុណាព្រះមហាក្សត្រ ព្រះអង្គស្ដេចយាងប្រទានភ្លើងទៀនជ័យនៅវិមានឯករាជ្យផង។
សម្ដេចតេជោគូសបញ្ជាក់ទៀតថា សម្រាប់សម្ដេចដែលជានាយករដ្ឋមន្ត្រី គឺមិនអាចលៃលកពេលវេលាគ្រប់គ្រាន់ ដើម្បីគ្រប់គ្រង ជាមួយនឹងសភាពការណ៍បុណ្យអុំទូក ដែលមានមនុស្សដ៏ច្រើន នៅក្នុងពេលវេលាដែលយើងត្រូវត្រៀមការពារសន្តិសុខសម្រាប់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្ដាប្រទេសអាស៊ាន និងដៃគូអាស៊ាន ក៏ដូចជា ស្ថាប័នពាក់ព័ន្ធដទៃទៀត ដែលត្រូវមកប្រជុំនៅទីក្រុងភ្នំពេញនោះទេ។ ការប្រជុំអាស៊ានលើកនេះ អាចចាត់ទុកថាជាការប្រជុំដ៏ធំ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិនៃការប្រជុំអាស៊ាន រាប់ទាំងរដ្ឋមន្ត្រីការបរទេស ដែលយើងមានគណៈប្រតិភូរហូតជិត៤០គណៈប្រតិភូមកកាន់ទីក្រុងភ្នំពេញ កាលពីដើមខែសីហាកន្លងទៅ។ ឯការប្រជុំកំពូលអាស៊ាននាពេលខាងមុខ ក៏ជាការប្រជុំដ៏ធំ ដែលកម្រកើតមាន ហើយវាមិនបានកើតមាននៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ដែលត្រូវធ្វើនៅប្រទេសវៀតណាម និងព្រុយណេ។ ប៉ុន្តែជាកុសលល្អយើងអាចធ្វើនៅទីក្រុងភ្នំពេញ។ ដូច្នេះការលើកឡើងរបស់មនុស្សមួយចំនួនថា រដ្ឋាភិបាលអស់លុយគ្មានលទ្ធភាពដើម្បីបម្រើឱ្យពិធីបុណ្យអុំទូក ក៏សូមវិភាគទៅតាមការគួរ។ក៏ប៉ុន្តែ សម្ដេចគ្រាន់តែបញ្ជាក់ឱ្យដឹងថា ក្នុងឋានៈជាម្ចាស់ផ្ទះទទួលខុសត្រូវ យើងកំពុងតែទទួលនូវសំណូមពរនៃទស្សនកិច្ចផ្សេងៗទៀត ក៏ប៉ុន្តែយើងគ្រាន់តែអាចទទួលបាននាយករដ្ឋមន្ត្រីវៀតណាម នាយករដ្ឋមន្ត្រីចិន ប្រធានាធិបតីហ្វីលពីន សម្រាប់ថ្ងៃទី ០៧ ទី០៨ និងទី០៩ ខែវិច្ឆិកា ហើយចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា គឺយើងចាប់ផ្ដើមប្រជុំអាស៊ានតែម្ដង។ សម្រាប់ការប្រជុំអាស៊ាននេះទៀតសោត យើងបានសម្របសម្រួលជាមួយនិងដៃគូរបស់យើងក្នុងក្របខណ្ឌអាស៊ានផង និងជាមួយដៃគូរបស់យើងនៅខាងក្រៅផង។ បន្ទាប់ពីប្រជុំអាស៊ាន គឺនៅថ្ងៃទី១៤ ខែវិច្ឆិកា ព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេ នឹងធ្វើព្រះរាជទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពីនេះ សម្ដេចនឹងចាកចេញទៅកោះបាលីប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមការប្រជុំ G20 ដែលកម្ពុជាជាប្រធានអាស៊ាន ត្រូវបានអញ្ជើញឱ្យមានការចូលរួម។ បន្ទាប់ពីការការប្រជុំ G20 នៅឯប្រទេសឥណ្ឌូនេស៊ី សម្ដេចនឹងអញ្ជើញចូលរួមប្រជុំ អេប៉ិច នៅទីក្រុងបាងកក ជាភ្ញៀវអញ្ជើញរបស់ព្រះរាជាណាចក្រថៃ ក្នុងឋានៈជាប្រធានអាស៊ាន។
សម្តេចតេជោបន្ថែមទៀតថា ដូច្នេះ នេះហើយជាមូលធំ នៃការផ្អាកព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ នៅឆ្នាំនេះ។ យើងរង់ចាំឆ្នាំក្រោយ ក៏មិនទាន់យឺតពេល។ សម្ដេចតេជោសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋរបស់យើង នឹងមានការយោគយល់ នៅពេលវេលាដែលយើងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានប្រកបដោយមោទនភាព៕
ប្រភព៖ ក្រសួងព័ត៌មាន