ពោធិ៍សាត់ ៖ កាលពីថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២៣និង២៥នាទី មានករណីក្មេងទំនើងចំនួន០៣នាក់បានធ្វើសកម្មភាពដេញកាប់គ្នានៅលើផ្លូវកៅស៊ូត្រង់ចំណុចភូមិស្តុកខ្លា ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបាសេចក្តីរាយការណ៍ពីមេភូមិខ្វាវ ភ្លាមកម្លាំងនគរបាលប៉ុស្តិ៍រំលេចបានចុះអន្តរាគមន៍ទៅដល់កន្លែងកើតហេតុបានប្រទះឃើញម៉ូតូ០១គ្រឿងធុនC125 ពណ៌ខ្មៅ ដែលម្ចាស់ឈ្មោះ រិត សារត្ន័ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិខ្វាវ ឃុំរំលេច ត្រូវបានជនមិនស្គាល់មុខដេញវាយម្ចាស់ម៉ូតូ តែដេញមិនទាន់ក៏បានវាយបំផ្លាញម៉ូតូបែកអាវនឹងចង្កៀងក្រោយខ្ទិចអស់ ។
បន្ទាប់មក កម្លាំងបានឃើញម៉ូតូ០២គ្រឿងទៀតជិះគ្នា០៦នាក់ ក៏បានឃាត់សួរនាំ តែពួកក្មេងទំនើងមិនឈប់ហើយបានគប់ដុំថ្មចំលោកអនុសេនីយ៍ឯក ខៀវ រ៉ា ត្រង់ចំកំភួនជើងខាងឆ្វេងហើយជិះម៉ូតូរត់ទៅទិសខាងត្បូង ។ ពេលនោះកម្លាំងសមត្ថកិច្ចបានជិះម៉ូតូដេញតាមរហូតដល់ភូមិកំប្រាក់កូន ឃុំខ្នាទទឹង តែពួកក្មេងទំនើងបានដួលម៉ូតូហើយកម្លាំងសមត្ថកិច្ចក៏ទៅទាន់ចាប់បានក្មេងទំនើងចំនួន០៣នាក់ ៖
១- ឈ្មោះ ឆី ភារុណ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ។ ២- ឈ្មោះ លីន ឧត្តម ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន។ ៣- ឈ្មោះ វណ្ណ សុផាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន និងម៉ូតូមួយគ្រឿងធុន C125 ពណ៌ខ្មៅ សេរី2019ពាក់ស្លាកលេខពោធិ៍សាត់ 1J-4717 ។ ចំណែកឯម៉ូតូ០១គ្រឿងទៀតជិះគ្នា០៣នាក់បានជិះរត់គេចខ្លួនបាត់។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុតាងសមត្ថកិច្ចបាននាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេច រង់ចាំការដោះស្រាយតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ