ភ្នំពេញ ៖ កម្ពុជា-ថៃ ត្រៀមរួមគ្នាចុះត្រួតពិនិត្យមើលការដ្ឋានសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែ សីហា ឆ្នាំ២០២២ ដើម្បីពិនិត្យពីវឌ្ឍនភាពនៃការ សាងសង់ច្រកព្រំដែនដ៏សំខាន់នេះរវាងកម្ពុជា និងថៃ ។ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារ ណការ និងដឹកជញ្ជូន បាន អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំដំណើរទស្សន កិច្ចថ្នាក់រដ្ឋមន្ត្រីកម្ពុជា-ថៃ ដើម្បីត្រួតពិនិត្យមើលការដ្ឋានសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួង មន្រ្តីគម្រោងកែលម្អប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ដំណាក់កាលទី២ គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ កាល ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២២ នៅទីស្តីការក្រសួង ។
កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីភាគីថៃ បានពិនិត្យពិចារណាលើសំណើរបស់កម្ពុជាឱ្យមានការបើកប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានមិត្តភាពកម្ពុជា-ថៃ និងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រួលបញ្ចៀសចរាចរណ៍របស់រថយន្តដឹក ជញ្ជូនទំនិញឆ្លងកាត់ព្រំដែន រវាងកម្ពុជា និងថៃ ក៏ដូចជាដើម្បីជួយកាត់បន្ថយការកក ស្ទះនៅច្រកព្រំដែនប៉ោយប៉ែត -អារញ្ញប្រាថេត នាពេលបច្ចុប្បន្ន។ អង្គប្រជុំបានពិភាក្សាលម្អិតអំពីវឌ្ឍនភាពនៃការសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដែលបច្ចុប្បន្នសម្រេចបានប្រមាណជា៥៤% វឌ្ឍនភាព និងការសាងសង់បញ្ចប់ផ្លូវវាងស្នែងក្របី ទីលានចំណតយានយន្ត ការិយាល័យកុងតឺន័រ (ចំនួន០៧ ) បង្គន់អនាម័យ (០២) ការចុះត្រួតពិនិត្យជាមុនដើម្បីសម្អាត និងរៀបចំទីតាំងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូ ការរៀបចំរំហូរចរាចរណ៍ និងក្បួនគណៈប្រតិ ភូឆ្លងកាត់ពីទឹកដីថៃតាមច្រកទ្វារប៉ោយប៉ែត-អារញ្ញប្រាថេត ការរៀបចំខ្លឹមសារឯកសារសង្ខេបគម្រោងសម្រាប់គណៈប្រតិភូ និងជំនួយស្មារតីសម្រាប់ថ្នាក់ដឹកនាំ ការបែង ចែកតួនាទី និងភារកិច្ចក្រុម ការងារទទួលបន្ទុករៀបចំ ក្រុមការងារទទួលបន្ទុកការងារសម្របសម្រួលជាមួយភាគីថៃ ការងារដែលនៅសេស សល់មិនទាន់សម្រេចរវាងភាគីប្រទេសទាំងពីរ និងការអញ្ជើញតំណាងក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមដំណើរទស្សនកិច្ចនេះ។
លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងបន្ថែម និងសង្កត់ធ្ងន់លើចំណុចសំខាន់ៗមួយចំនួននៃកិច្ចប្រជុំដែលរួមមាន៖ ការរៀបចំឯកសារ និងការរចនាប្លង់ពាក់ព័ន្ធដើម្បីចែកជូនគណៈប្រតិភូក្នុង ពេលបំពេញទស្សនកិច្ច ដើម្បីពិនិត្យមើលលើការរៀបចំសំណង់ទាំងមូល និងការរៀប ចំជំនួយស្មារតី សម្រាប់ថ្នាក់ ដឹកនាំពិនិត្យ។ លោកជំទាវក៏បានស្នើឱ្យបញ្ចូលបញ្ហាសេសសល់ និងមតិយោបល់ដែលបានលើក ឡើងនៅក្នុងកិច្ចប្រជុំនេះ ទៅក្នុងជំនួយស្មារតី ដើម្បីដាក់ជូនឯកឧត្តមទេសរដ្ឋមន្ត្រីពិនិត្យ ដើម្បីត្រៀមក្នុងករណីត្រូវលើកឡើង ជាមួយភាគីថៃ ឬដើម្បីយកទៅពិភាក្សាជាមួយភាគីពាក់ព័ន្ធផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន