ពោធិ៍សាត់៖ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៦និង៣០ នាទីល្ងាច នៅលើផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រ ៥២-៥៣ ត្រង់ចំណុចខាងលិចវត្តរវៀង ស្ថិតក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយរថយន្តម៉ាកFord Rangerបុកម៉ូតូដែលបើកបរច្រាសទិសគ្នា យ៉ាងពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូ១នាក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អាជ្ញាធរ និងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ។
តាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា រថយន្តបង្កមានម៉ាកFord Ranger ពណ៌ស សេរី2022 ពាក់ស្លាកលេខភ្នំពេញ2BQ-1871ធ្វើចរាចរណ៌ពីកើតទៅលិច (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) បានរត់គេចខ្លួនបាត់។ លុះបើកមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូ១គ្រឿង ម៉ាកViva110 ពណ៌ខ្មៅ ,សេរីចាស់ ធ្វើចរាចរណ៍ពីលិចទៅកើត បើកបរដោយឈ្មោះ យ៉ាន ថា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃផ្អេ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ (ស្លាប់នៅហ្នឹងកន្លែង) ដោយមកចាំចំការឲ្យគេស្នាក់នៅ ភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
របាយការណ៍បានឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីកត្តារថយន្តបើកមិនប្រកាន់ស្តាំ។ ចំពោះរថយន្តនិងម៉ូតូសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ។ ចំណែកសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ រកចាប់ឃាត់ខ្លួនជនបង្កហេតុខាងលើ យកមកផ្តន្ទាទោសទៅតាមនីតិវិធី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ