ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៤នាក់ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ០២ករណីផ្សេងគ្នា នៅក្នុខណ្ឌដូនពេញ និងខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជនសង្ស័យនិងវត្ថុតាងនៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចបន្ទប់ជួល ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស (ឆក់ខ្សែកមាសទម្ងន់០២ជី០៦ហ៊ុនបានសម្រេច) ប្រព្រឹត្តនៅចំណុចផ្លូវបេតុងផ្សារទួលលៀប ភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១២ និង៣០ នាទីថ្ងៃត្រង់ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន ០២ គ្រឿង។
លោកនាយការិយាល័យប្រាប់ឱ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ លី តិចឃាង ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដឹកជញ្ជូនអីវ៉ាន់ តាមអនឡាញ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងឈ្មោះ ផាន់ សារុន ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គួកជេររថយន្ត ស្នាក់នៅផ្ទះលេខ២៩ ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលប្រាប់ឱ្យដឹងទៀតថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១២ និង៣០ នាទីថ្ងៃត្រង់នៅចំណុចកើតហេតុខាងលើ មានជនសង្ស័យចំនួន០៥នាក់ ជិះម៉ូតូចំនួន០៥គ្រឿង នាំគ្នាជិះម៉ូតូចេញពីខុនដូរមិនចាំយីហោ ផ្លូវលេខ១៩៦៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គោលបំណងធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ។ នៅពេលជនសង្ស័យនាំគ្នាជិះម៉ូតូមកដល់ចំណុចកើតហេតុ ក៏បានឃើញមនុស្សស្រីម្នាក់ឈ្មោះ រ៉ន ចាន់រ៉ា ភេទ ស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ មុខរបរលក់ដូរ កំពុងដើរម្នាក់ឯង មានពាក់ខ្សែកមាស ភ្លាមនោះជនសង្ស័យ០១នាក់ក៏បានឃើញ ហើយក៏ជិះម៉ូតូចូលទៅជិតស្ត្រីនោះ នឹងក៏បានធ្វើសកម្មភាពឆក់យកខ្សែក មាសពីស្ត្រីរងគ្រោះបានសម្រេច រួចជិះម៉ូតូគេចខ្លួន ចំណែកបក្ខពួកផ្សេងទៀតជិះម៉ូតូបិទគូចពីក្រោយក៏នាំគ្នាគេចខ្លួនបាត់អស់ផងដែរ ។
បន្ទាប់ពីកើតហេតុ ជនសង្ស័យក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្នោរ កម្លាំងការិយាល័យជំនាញ ព្រហ្មទណ្ឌសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌកំបូល បានស្រាវជ្រាវចំណាយពេលប្រមាណជិត៤៨ម៉ោងឈានទៅដល់បង្ក្រាបបានជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួក០៥នាក់ ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា ប្រាប់ឱ្យដឹងទៀតថា ដោយឡែកករណីឆក់០១ករណីទៀតនៅខណ្ឌដូនពេញឯនោះវិញ វេលាម៉ោងប្រហែល០១និង០០នាទីព្រឹកនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចកន្លែងលក់ម្ជូរវត្តភ្នំ ផ្លូវលេខ៤៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើ(ឆក់ទូរសព្ទ័ដៃមិនបានសម្រេច) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៤២អឺ០ ផ្លូវលេខ១៩ ភូមិ៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១០និង២០នាទីយប់ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន០១គ្រឿង បញ្ជូនមកការិយាល័យជំនាញ ។
ជនសង្ស័យទាំង០២នាក់មានឈ្មោះ ម៉ាង ម៉េងហួរ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៦ ភូមិបឹងឈូក សង្កាត់គីឡូម៉ត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងឈ្មោះ អង់ កក្កដា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៦ ភូមិបឹងឈូក សង្កាត់គីឡូម៉ត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
លោកនាយការិយាល័យប្រាប់ឱ្យដឹងទៀតថា៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១០និង២០ នាទីយប់នៅចំណុចកើតហេតុខាងលើ ជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូចំនួន ០១ គ្រឿង ម៉ាកហុងដាប៊ីត ពណ៌ ក្រហម ស សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1IE-1593 បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់កំពុងជិះម៉ូតូកង់បី ដោយដាក់ទូរសព្ទ័ដៃនៅលើភ្លៅ បានសម្រេច តែរបូតដៃធ្លាក់ទូរសព្ទ័ដៃនោះទៅលើ ម៉ូតូកង់បីវិញ រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។ក្រោយពីពួកវាធ្វើសកម្មភាពឆក់នោះហើយ កម្លាំងជំនាញប្រហ្មទណ្ឌចំណាយពេលស្រាវជ្រាវប្រមាណជាង៣ម៉ោង ក៏ឈានទៅបង្ក្រាបបានជនសង្ស័យ០២នាក់ យកមកសាកសួរអនុវត្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ