រដ្ឋាភិបាល​គ្រោង​កំណត់​ឱ្យ​យានយន្ត​ឯកជន ត្រូវ​តែ​ភ្ជាប់​កាតព្វកិច្ច​បង់​ធានា​រ៉ាប់រង

0

ភ្នំពេញ​៖ ឯកឧត្តម រស់ សីល​វ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ការ​ធានា​រ៉ាប់រង​យានយន្ត​ឯកជន​ជា​កាតព្វកិច្ច ដែល​ជា​ការ​ទទួលខុសត្រូវ​របស់​ប្រតិបត្តិ​ករ​ធានា​រ៉ាប់រង និង​ម្ចាស់​យានយន្ត​ចំពោះ​សង្គម​ជាតិ តាម​រយៈ​ការ​ធានា​រ៉ាប់រង​ដល់​ជន​រង​គ្រោះ ដែល​បង្ក​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​ក្នុង​ប្រទេស​កម្ពុជា​។ ការ​ថ្លែង​ឱ្យ​ដឹង​នេះ ធ្វើ​ឡើង​ក្នុង​ឱកាស​ចូលរួម​ក្នុង​ទិវា​ធានា​រ៉ាប់រង នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ដែល​រៀបចំ​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​វិស័យ​ធានា​រ៉ាប់រង​ឱ្យ​មានការ​រីក​ចម្រើន​ថែម​ទៀត​។ ឯកឧត្តម បន្ត​ថា ការ​កំណត់​ជា​កាតព្វកិច្ច​នេះ នឹង​ជួយ​ឱ្យ​ជន​រង​គ្រោះ​ទទួល​បាន​សំណង​សម​ស្រប​ណាមួយ សម្រាប់​ការ​ព្យាបាល និង​ដោះស្រាយ​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​របស់​ខ្លួន ដែល​បង្ក​ឡើង​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​។

គម្រោង​អាច​នឹង​ដំណើរការ​ក្នុង​ឆ្នាំ​២០២២​នេះ បន្ទាប់​ពី​ទីផ្សារ​ធានា​រ៉ាប់រង​របស់​កម្ពុជា បាន​និង​កំពុង​បន្ត​រីក​ចម្រើន​យ៉ាង​ឆាប់ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​។ បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយក​នៃ​និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា បានឱ្យ​ដឹង​ថា បុព្វលាភ​ដុល​សរុប​នៃ​ទីផ្សារ​ធានា​រ៉ាប់រង​របស់​កម្ពុជា បាន​កើនឡើង​ដល់​ប្រមាណ​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ​២០២១ និង​មាន​កំណើន​ប្រមាណ​២០​ភាគរយ ជា​មធ្យម ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ឯកឧត្តម អះអាង​ថា ទីផ្សារ​នេះ​នៅ​តែ​រក្សា​បាន​កំណើន​វិជ្ជមាន​ក្នុង​រង្វង់​ប្រមាណ​៨​ភាគរយ ក្នុង​ឆ្នាំ​២០២០ និង​១០​ភាគរយ ក្នុង​ឆ្នាំ​២០២១ ទោះ​ក្នុង​ដំណាក់កាល​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដោយ​។ ជាមួយ​គ្នា​នេះ ក្នុង​ឆ្នាំ​២០២១ ក្រុមហ៊ុន​ធានា​រ៉ាប់រង ធានា​បន្ទុក​ហិរញ្ញវត្ថុ​ចំពោះ​រាល់​ហានិភ័យ បាន​ចំនួន​ប្រមាណ​ជាង​២០៤​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ជាមួយ​បណ្ណ​សន្យា​រ៉ាប់រង ចំនួន​ជាង​១​លាន​ប័ណ្ណ និង​បាន​ទូទាត់​សំណង​ជូន​អតិថិជន​ចំនួន​ជាង​៤៥​លាន​ដុល្លារ​។ ឯកឧត្តម បន្ត​ថា ទីផ្សារ​ធានា​រ៉ាប់រង​កម្ពុជា​បច្ចុប្បន្ន មានទ្រព្យ​សកម្ម​សរុប​ចំនួន​ប្រមាណ​៨៥១​លាន​ដុល្លារ​អា​មេ​រិ​ក​, មូលនិធិ​ភាគ​ទុ​និក​ចំនួន​ប្រមាណ​៣៦៩​លាន​ដុល្លារ និង​បង្កើត​ការងារ​ពេញ​ម៉ោង​បាន​ចំនួន​ប្រមាណ​ជិត​៤​ពាន់​កន្លែង និង​ការងារ​ក្រៅ​ម៉ោងជាង​១​ម៉ឺន​កន្លែង​។

លោក ហ៊ុយ វ៉ា​ថា​រ៉ូ ប្រធាន​សមាគម​ធានា​រ៉ាប់រង​កម្ពុជា គាំទ្រ​ចំពោះ​គ្រោងការ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ធានា​រ៉ាប់រង​យានយន្ត​ឯកជន​ជា​កាតព្វកិច្ច ខណៈ​បច្ចុប្បន្ន​បាន​អនុវត្ត​ជា​អន្លើរ​តែ​ទៅ​លើ​យានយន្ត​នៃ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នកដំណើរ និង​ក្រុមហ៊ុន​ដឹក​ទំនិញ​ប៉ុណ្ណោះ​។ ទីផ្សារ​ធានា​រ៉ាប់រង​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​សរុប​៣៩ ក្នុង​នោះ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ​មាន​ចំនួន​១៨ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ចំនួន​១៤ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ខ្នាត​តូច​ចំនួន​៧ ព្រមទាំង​មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​បន្ត​ចំនួន​១៕

ប្រភព៖ ក្រសួងព័ត៌មាន