ភ្នំពេញ៖ សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីដែលហ្វេសបុកមួយឈ្មោះថា Hong Meng Hour ដែលបានសរសេរខមិនក្នុងការឡាយថា (លុយដល់ចឹង) ដែលករណីអគ្គិភ័យឆាបឆេះអគារខនដូរ មួយកន្លែង ដែលស្ថិតតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២នេះ។
ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេសបុក Hong Meng Hour ដែលបានសរសេរបែបនេះ និងធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ។ សូមបញ្ជាក់ជូនសាធារណៈជនមេត្តាជ្រាប ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋដែលបានរាយការណ៍មកកាន់លេខHotline របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ របស់យេីងតាមរយៈលេខ 097 7 3333 55 ភ្លាមៗនោះ យេីងបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅ ដេីម្បីជួយអន្តរាគមន៍សង្គ្រោះតែម្តង។
សូមម្ចាស់ហ្វេសបុកឈ្មោះ Hong Meng Hour ខាងលេីនេះ ចូលខ្លួនមកបំភ្លឺនៅការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ ជាបន្ទាន់ បើពុំដូច្នោះទេ កងកម្លាំងសមត្ថកិច្ចនគរបាលយេីង និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕
ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ