ឆ្លៀតពេល​ទំនេរ​ពី​ការ​ដឹក​អីវ៉ាន់​អន​ឡាញ​!! នាំ​គ្នា​ចេញ​ឆក់​តាម​ដងផ្លូវ

0

ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពាក់ព័ន្ធ ស្រាវជ្រាវ​បង្ក្រាប​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ក្នុង​ករណី​ឆក់​កាបូប និង​ទូរស័ព្ទ​ចំនួន​២​ករណី​ផ្សេង​គ្នា ក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​កន្លង​ទៅ ។

លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រាប់​ឱ្យ​ដឹង​ថា​៖ នៅ​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច កម្លាំង​ការិយាល័យ​ជំនាញ​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន បាន​ស្រាវជ្រាវ​ក្នុង​បទល្មើស​ជាក់ស្តែង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០១​នាក់ ឈ្មោះ សៀ​ក លី​សៀ ហៅ ង៉ោ​ល​ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដឹក​អីវ៉ាន់​អន​ឡាញ រស់នៅ​ខណ្ឌ​សែន​សុខ នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​PTT ផ្លូវ​លេខ​២០០៤ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ពាក់ព័ន្ធ​ប្រព្រឹត្ត​អំពើ​ហិង្សា (​ឆក់​កាបូបស្ពាយ​ពីក្រោយ​មិន​បាន​សម្រេច​) ប្រព្រឹត្ត​នៅ​ចំណុច​លើ​ផ្លូវ​សឡា​(៣៧១) ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​៣​រសៀល ។​ខណៈ​ដែល​ជន​រង​គ្រោះ​ឈ្មោះ សែត សុ​ដា​វី​ន ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​និស្សិត កំពុង​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ធូ​ដេ ម្នាក់ឯង​ដោយ​មាន​ដាក់​កាបូបស្ពាយ​ខាងក្រោយ នៅ​លើ​ទូក​ម៉ូតូ​ខាង​មុខ ពេល​ឃើញ​ដូច្នេះ ជនសង្ស័យ​និង​បក្ខពួក​ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង​មាន​គ្នា​០៤​នាក់ បាន​ធ្វើ​សកម្មភាព​ឆក់ និង​មាន​បក្ខពួក​០២​នាក់​ជិះ​ម៉ូតូ​០១​គ្រឿង​ចាំ​បិទគូថ​ខាងក្រោយ​។

លោកនាយ​ការិយាល័យ​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖​ក្រោយ​ពី​ជនសង្ស័យ​បាន​ប្រព្រឹត្ត​អំពើ​ឆក់​កាបូប​រួច ហើយ​ពួក​វា​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ដល់​ផ្លូវ​លេខ​២០០៤ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ក៏​ជួប​សមត្ថកិច្ច​កំពុង​ល្បាត​ការពារ​សុវត្ថិភាព​នៅ​ទីនោះ ក៏​បាន​បើក​ម៉ូតូ​ដេញ​តាម​ពីក្រោយ ។ ឃើញ​ដូច្នេះ​ជនសង្ស័យ ក៏​បាន​បោះ​កាបូបស្ពាយ​ខាងក្រោយ​របស់​ជន​រង​គ្រោះ​ចោល​នៅ​លើ​ថ្នល់ ហើយ​ជនសង្ស័យ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់ ។ ក្រោយមក​ទៀត​កម្លាំង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ក្នុង​ចំណោម​បក្ខពួក​០៤​នាក់ ។ ចំណែក​ទ្រព្យសម្បត្តិ​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​ប្រគល់​ឱ្យ​ម្ចាស់ ។

លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា ឱ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​១២​ថ្ងៃត្រង់ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៥​នាក់ ឈ្មោះ ហឿ​ង មីនា ហៅ ពេជ្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ចំណុច​មុខ​វត្ត​សំបួរ ផ្លូវ​លេខ​២១៧ សង្កាត់​ដង្កោ ខណ្ឌដង្កោ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​អំពើ​ហិង្សា (​ឆក់​ទូរ​សព្ទ័​ដៃ​ម៉ាក​អុ​ប​ប៉ូ​)​របស់​ជន​រង​គ្រោះ នៅ​ចំណុច​ទល់មុខ​ម​ជ្ឃ​មណ្ឌល​ថែទាំ​រថយន្ត​អែន​ឃែ​រ ផ្ទះ​លេខ​២៦៧ ផ្លូវ​លេខ​២០០២ ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​១៥​និង​២០​នាទី ។

នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២២ បាន​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ