សមត្ថកិច្ច បញ្ជាក់​ករណី​កាប់​ប្លន់​ម៉ូតូ នៅ​មុខ​វត្ត​ពោធិព្រឹក្ស

0

​កណ្តាល ៖ ក្រុមការងារ​ព័ត​ត៌​មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល មាន​កិត្តិយស​សូម​ធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Oun Na បាន​បង្ហោះ​ផ្សព្វផ្សាយ​មាន​ខ្លឹមសារ​ថា ៖ នាង​ខ្ញុំ​ឈ្មោះ វឺ​ន រី​ណា ត្រូវ​បាន​ចោរ ៣​នាក់​ប្លន់​យក​ម៉ូតូ​នៅ​មុខ​វត្ត​ពោធិ​ព្រឹ​ក្យ កាលពី​យប់មិញ​វេលា​ម៉ោង​៣​ភ្លឺ វា​បាន​យក​ម៉ូតូ​នាង​ខ្ញុំ​អា​សង់​០១៩ ដែល​មាន​ស្លាក​លេខ​កណ្តាល 1A.3068 និង​ទូរស័ព្ទ OPPO និង​ប​.​ស​.​ស កាត​ធនាគារ កាត​ចាក់​វ៉ាក់សាំង អត្តសញ្ញាណប័ណ្ណ បងប្អូន​ណា​បានឃើញ រឺ​ក៏​រើស​បាន​សុំ​ជូនដំណឹង​មក​នាង​ខ្ញុំ​ផង 0966890851 ហើយ​សុំ​អោយ​ខាង​ប៉ូ​លី​ស​នៅ​ខាង​បន្ទាយដែក សុំ​ជួយ​រក​ម៉ូតូ​របស់​នាង​ខ្ញុំ​អោយ​ឃើញ​ផង ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​បញ្ជា​ឱ្យ​លោក​អធិការ​នគរបាល​ស្រុក​កៀនស្វាយ ស្រាវជ្រាវ​ករណី​ខាងលើ​ជា​បន្ទាន់ ។

ផ្អែក​តាម​លទ្ធផល​ស្រាវជ្រាវ​របស់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បន្ទាយដែក បានឱ្យ​ដឹង​ថា ៖
នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​០២ និង​៥៥​នាទី​ទៀប​ភ្លឺ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បន្ទាយដែក បាន​ទទួល​ព័ត៌មាន​ពី​ឈ្មោះ វឿ​ន ឌី​ណា ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ស្តៅ​កន្លែង​៥ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ កម្មករ​រោងចក្រ​ស្រា​បៀ​ម៉ា​ទ្រី​ត ថា ៖ មាន​ជន​មិន​ស្គាល់​មុខ​ចំនួន ០៣​នាក់ ភេទ​ប្រុស ជិះ​ម៉ូតូ​០២​គ្រឿង ម៉ាក Honda ពណ៌​ខ្មៅ មិន​ស្គាល់​ស៊េរី មិន​ស្គាល់​ផ្លា​ក​លេខ បាន​ធាក់​ម៉ូតូ​របស់​ខ្លួន​ឱ្យ​ដួល និង​កាប់​កែងជើង​ខាងឆ្វេង​បណ្តាល ឱ្យ​រង​របួស​ចេញ​ឈាម នៅ​លើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៣-៣៤ ស្ថិត​ក្នុងភូមិ​ព្រែក​ប៉ុ​ល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល រួច​ក៏​យក​ម៉ូតូ​របស់​ខ្លួន​ជិះ​សំដៅ​ឡើង​ទៅ​រាជធានី​ភ្នំពេញ ។ បន្ទាប់​ពី​ទទួល​ព័ត៌មាន​បាន​ភ្លាម​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បន្ទាយដែក បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ​ខាងលើ ដើម្បី​ពិនិត្យ​និង​ស្រាវជ្រាវ ពិតជា​មាន​ករណី​ធាក់​យក​ម៉ូតូ​ប្រាកដ​មែន ក្រោយ​ពី​ពិនិត្យ​ទីតាំង​ខាងលើ​រួច កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បន្ទាយដែក ក៏​ទៅ​ជួប​សួរនាំ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ៖ នៅ​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​១៨ និង​១៥​នាទី ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ ០១​គ្រឿង​ខាងលើ ចេញពីផ្ទះ​ម្នាក់ឯង​ទៅ​បើក​លុយ​ប្តី​ថ្លៃ​បើក​ទ្បាន​ដឹក​ដី​ធ្វើ​ផ្លូវ នៅ​ស្រុក​មេ​សាង ខេត្តព្រៃវែង លុះ​ពេល​ធ្វើ​ដំណើរ​ដល់​ស្រុក​មេ​សាង ខេត្តព្រៃវែង មេឃ​ក៏​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ពុំ​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ការដ្ឋាន​ប្តី ដឹក​ដី​បាន ក៏​សុំ​ផ្ទះ​អ្នកស្រុក​ជ្រក​សិន រង់ចាំ​ភ្លៀង​រាំង រហូត​ដល់​ម៉ោង​០១ និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២២ ជន​រង​គ្រោះ​មិន​អាច​បើក​លុយ​បាន​ក៏​ជិះ​ម៉ូតូ​ត្រ​ទ្ប​ប់​មក​ផ្ទះ​វិញ ។ លុះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​រោងចក្រ​ជី​ផ្កាយ​ប្រាំ​ស្ថិត​ក្នុង​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ស្រាប់តែ​មាន​ម៉ូតូ ០២​គ្រឿង មិនដឹង​ជិះ​ចេញ​កន្លែង​ណា បាន​ជិះ​ក្បែរ​ម៉ូតូ​របស់​ជន​រង​គ្រោះ​តាម​ពីក្រោយ​តែ​ជន​រង​គ្រោះ​មិន​បាន​ចាប់អារម្មណ៍ ក៏​ជិះ​ម៉ូតូ​រហូត​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ជិះ​ម៉ូតូ ០១​គ្រឿង​ម៉ាក HONDA ពណ៌​ខ្មៅ ធាក់​ដៃចង្កូត​ម៉ូតូ​ជន​រង​គ្រោះ​ចំហៀង​ខាងឆ្វេង​បណ្តាល​ឱ្យ​ដួល​ទៅ​ចិញ្ចើមថ្នល់ ភ្លាម​នោះ​មាន​ម៉ូតូ ០១​គ្រឿង​ទៀត ម៉ាក HONDA ពណ៌​ខ្មៅ ជិះ​គ្នា​ពីរ​នាក់ មិន​ស្គាល់​អត្តសញ្ញាណ បាន​ឈប់​ម៉ូតូ​ពីក្រោយ រួច​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​ចុះ​ពីលើ​ម៉ូតូ​កាន់​កាំបិត​ដើរទៅ​កាប់​កែងជើង​ខាងឆ្វេង​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​ចេញ​ឈាម រួច​ក៏​លើកយក​ម៉ូតូ​ជន​រង​គ្រោះ ជិះ​ទ្បើ​ង​ទៅ​ភ្នំពេញ​បាត់ ។

ករណី​ខាងលើ​នេះ កម្លាំង​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌​ស្រុក​កៀនស្វាយ សហការ​ជាមួយ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បន្ទាយដែក កំពុង​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​យ៉ាង​យកចិត្តទុកដាក់​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ អាស្រ័យ​ហេតុនេះ សូម​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន ៕

ប្រភព​៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ