របួសធ្ងន់​ម្នាក់ ក្នុង​ហេតុការណ៍​រថយន្ត ២​គ្រឿង​បុក​គ្នា​ពេញទំហឹង

0

ពោធិ៍សាត់ ៖ នៅ​យប់​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​២០ និង​៤០​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ម៉ាក Toyota Prius បើកបរ​មិន​ប្រកាន់​ស្តាំ​ទៅ​បុក​រថយន្ត​មួយទៀត​ម៉ាក Toyota Revo Rally បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់ នៅ​លើ​ផ្លូវ​លេខ​១០១ ត្រង់​ចំណុច​មុខ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ស្ថិត​នៅ​ភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

លោក​វរសេនីយ៍ទោ កែវ សា​រិ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ប្រាប់​ឲ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក Toyota Prius ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ បាត់ដំបង 2B-5623 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង មក​ដល់​ចំណុច​កើតហេតុ ដោយ​បើកបរ​មិន​ប្រកាន់​ស្តាំ បាន​បុក​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក Toyota Revo Rally ពណ៌​ស ពាក់​ស្លាក​លេខ កម្ពុជា RAVY.168 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ច្រាស​គ្នា បណ្តាល​ឱ្យ​ខូចខាត​រថយន្ត​ទាំង​២​គ្រឿង និង​រង​របួសធ្ងន់​ចំពោះ​អ្នកបើកបរ​រថយន្ត​ម៉ាក Toyota Prius បង្ក​ការ​ភ្ញាក់ផ្អើល និង​កកស្ទះ​ចរាចរណ៍ ។ ក្រោយ​ពេល​កើតហេតុ កម្លាំង​នៃ​អធិការដ្ឋាន​ក្រុង​ពោធិ៍សាត់ បាន​ជួយ​អន្តរាគមន៍​សម្រួល​ចរាចរណ៍ និង​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

លោក​បាន​បន្ត​ថា អ្នកបើកប​រថយន្ត​ម៉ាក Toyota Prius ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ បាត់ដំបង 2B-5623 មានឈ្មោះ សែ​ម អង្គា​បុស្ស ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​និ​យោ​ជិ​ក មាន​ទីលំនៅ​ភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់ ។ ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ាក Toyota Revo Rally ពណ៌​ស ពាក់​ស្លាក​លេខ កម្ពុជា RAVY.168 មានឈ្មោះ វង្ស រ៉ា​វី ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ជា​អភិបាលរង​ស្រុក​ភ្នំក្រវាញ មាន​ទីលំនៅ​ភូមិ​ត្រាំ​សេះ ឃុំ​បឹ​តប​ត់ក​ណ្តោ​រ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ពុំ​មាន​រង​របួស​ទេ វត្ថុ​តាង​រថយន្ត​ទាំង​ពី​សមត្ថកិច្ច​បាន​ស្ទូច​យក​មក​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ