ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ក្រោយ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ

0

ភ្នំពេញ​៖ ជនសង្ស័យ​បី​នាក់ ត្រូវ​បាន​កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​(​ឆក់​ទូរស័ព្ទ​) នៅ​ចំណុច​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រហែល​១៦​និង​៣០​នាទី​។

ប្រតិបត្តិការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​១៧​និង​០០​នាទី នៅ​ចំណុច​តាម​ផ្លូវ​បេតុង ភូមិ​លិច​វត្ត សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

យោង​តាម​របាយការណ៍​របស់​លោក​អធិការ​នគរបាល​ខណ្ឌ​កំ​បូល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទី​១-​ឈ្មោះ សុខ សុខា ហៅ​ឆេះ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​តា​កេ​រិ៍្ត សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)(​មាន​សារធាតុ​ញៀន​), ទី​២-​ឈ្មោះ មឿ​ន សុ​ពិន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​អង្គស្នួល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល (​ឃាតខ្លួន​)(​មាន​សារធាតុ​ញៀន​), និង​ទី​៣-​ឈ្មោះ ប៉ោ លី​ហ៊ា​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល (​ឃាតខ្លួន​)(​គ្មាន​សារធាតុ​ញៀន​)​។ ចំណែក​ជន​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ស្រី អាយុ ប្រហែល​២១​ឆ្នាំ​។

បច្ចុប្បន្ន​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ