ពោធិ៍សាត់ ៖ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣ និង២៥នាទី លោកវរសេនីយ៍ទោ អ៊ុល ហៃ អធិការ នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានដឹកនាំកម្លាំងអន្តរាគមន៍ចុះបង្ក្រាបល្បែងស៊ីសង (ជល់មាន់) មួយកន្លែង ស្ថិតនៅចំណុចខាងក្រោយផ្ទះរបស់ម្ចាស់ឈ្មោះ ផន អ៊ូញ ស្ថិតក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
លោកអធិការ បានប្រាប់ឲ្យដឹងថា ៖ ដោយទទួលបានព័ត៌មានតាមទូរសព្ទពីប្រជាពលរដ្ឋបានរាយការណ៍ថា នៅចំណុចខាងត្បូងសាលាបឋមសិក្សាជ្រៃក្រឹម ស្ថិតនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ មានការលេងល្បែងស៊ីសងជល់មាន់ លោកបានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង ចំនួន ០៣នាក់ សហការជាមួយកម្លាំងអន្តរាគមន៍របស់អធិការដ្ឋានស្រុក ចំនួន ០៦នាក់ ចុះបង្ក្រាបករណីនេះ ដល់ទីតាំងនៅពីក្រោយផ្ទះឈាងខាងត្បូងជាប់របងចម្ងាយ ១៥ម៉ែត្រ និងបានឃាត់ខ្លួនម្នាក់ ឈ្មោះ ផន អ៊ូញ ភេទស្រី អាយុ ៣៩ឆ្នាំ ជាម្ចាស់សៃវៀនជល់មាន់ រស់នៅភូមិ ឃុំខាងលើ ចំណែកមុខសញ្ញាអ្នកលេងបានរត់គេចខ្លួនបាត់អស់ ។
វត្ថុតាងដកហូតរួមមាន ៖
-ម៉ូតូចំនួន ០៣គ្រឿង ម៉ូតូម៉ាកវ៉េវអាហ្វាខ្មៅគ្មានផ្លាកលេខចំនួន ០២គ្រឿង និងម៉ូតូម៉ាកវ៉េវអាល់ហ្វាពណ៌ក្រហម ០១គ្រឿងគ្មានស្លាកលេខ
-មាន់ជល់ចំនួន ០២ក្បាល
-ស៊ុំក្រុងមាន់ចំនួន០២
-សៃវៀនជល់មាន់ សមត្ថកិច្ចបានដុតបំផ្លាញនៅនឹងកន្លែង ។
បច្ចុប្បន្ន វត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចដកហូតយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានស្រុកតាលោសែនជ័យ ចំពោះឈ្មោះ ផន អ៊ូញ ជាម្ចាស់ផ្ទះ ត្រូវបានកោះហៅមកកាន់ អធិការដ្ឋានធ្វើការអប់រំកិច្ចសន្យា នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង ដើម្បីបញ្ឈប់ការលេងល្បែងស៊ីសងនេះតទៅមុខទៀត ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ