បុរស ២​នាក់​រង​របួសធ្ងន់ ក្រោយ​ត្រូវ​សត្វ​ខ្លាឃ្មុំ​មួយ​ក្បាល ទះ និង​ចាប់​ហែក

0

ពោធិ៍សាត់ ៖ បុរស​ពីរ​នាក់ រង​របួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់​ពី​ត្រូវ​សត្វ​ខ្លាឃ្មុំ​មួយ​ក្បាល ទះ និង​ចាប់ហែក យ៉ាង​ឃោរឃៅ ហេតុការណ៍​នេះ​កើតឡើង​នៅ នៅ​ចំណុច​ឆាយ​បី​ជាន់ ឧ​ប​សម្ព័ន្ធ​ស្ទឹង​តា​ចាន់ ក្នុងភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ កាលពី​វេលា​ម៉ោង ១២​និង​៤០​នាទី ថ្ងៃ​ចន្ទ ៦​កើត ខែអាសាឍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២២ ។

លោក​វរសេនីយ៍ឯក ធាង ឡេ​ង អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​វាល​វែង បាន​ប្រាប់​ឲ្យ​ដឹង​ថា ៖ តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​ទាំង​ពីរ មុន​ពេល​កើតហេតុ ពួក​គាត់​បាន​ដើរទៅ​ដួស​ត្រី ដើម្បី​យក​មក​ចិញ្ចឹមជីវិត តែ​ទើប​ដើរ​បាន​ពាក់​កណ្តាលផ្លូវ ស្រាប់តែ​ជួប​ជាមួយ​សត្វ​ខ្លាឃ្មុំ​មួយ​ក្បាល ហើយ​ក៏​ត្រូវ​សត្វ​ខ្លាឃ្មុំ​នោះ ដេញ​ទះ និង​ចាប់​ហែក​សាច់ បណ្តាលរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ ។

លោក​អធិការ​បាន​បន្ត​ថា ៖ ជន​រង​គ្រោះ​ទី​១​មានឈ្មោះ ងុ​យ ងឿ​ន ភេទ ប្រុស អាយុ ៣៣​ឆ្នាំ ជា​ប្រជា​ការពារ​ភូមិ រង​របួសធ្ងន់ ទី​២​មានឈ្មោះ ភី ភក្តី ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រង​របួសធ្ងន់ អ្នក​ទាំង​ពីរ​រស់នៅ​ចំណុច ឧ​ប​សម្ព័ន្ធ​ស្ទឹង​តា ចាន់ ស្ថិត​ក្នុងភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

បច្ចុប្បន្ន​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​បាន​បញ្ជូន ទៅ​សង្គ្រោះ​និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន ឃុំ​អូរ​សោម ។ លោក​វរសេនីយ៍ឯក​អធិការ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ ឬ​នេសាទ និង​លេង​កំសាន្ត នៅ​តំបន់​នេះ ក៏​ដូច​ជា​តំបន់​ផ្សេង​ៗ​ទៀត ដែល​ឧស្សាហ៍​មាន​សត្វព្រៃ​កាច​សាហាវ​ឆ្លងកាត់ សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​មិន​គួរ​ទៅ​តំបន់​ទាំងនោះ ដែល​នាំ​ឲ្យ​ងាយ​រង​ទទួល​គ្រោះថ្នាក់​ដោយសារ​សត្វព្រៃ​វាយប្រហារ ជា​ពិសេស​មិន​ត្រូវ​មានការ​លួច​បរបាញ់​សត្វព្រៃ​ទាំងនោះ​ឡើយ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ