តាំងខ្លួន​សុទ្ធតែ​ជា​ឧកញ៉ា ហើយ​នាំ​គ្នា​ដើរ​លក់​ម៉ាស៊ីនភ្លើង

0

សៀមរាប ៖ នៅ​ថ្ងៃ​ច័ន្ទ ១៤​កើត ខែជេស្ឋ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​និង​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២២
កម្លាំង​អធិការដ្ឋាន​ក្រុង​សៀមរាប​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៥​នាក់ ករណី​ឆបោក រៀប​គម្រោង និង​អះអាង​ខ្លួន​ថា​ជា​ឯកឧត្តម ឬ​ឧកញ៉ា យក​ម៉ាស៊ីនភ្លើង​លក់ កាលពី​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​១៣ និង​០០​នាទី ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​វែង សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ខេត្តសៀមរាប ។

មន្ត្រី​នគរបាល ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ៖ ជនសង្ស័យ​ចំនួន​០៥​នាក់ រួម​មាន : ១. ឈ្មោះ សុះ សាលី ភេទ​ប្រុស អាយុ ៥២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​រាំង ឃុំ​ព្រៃ​តា​សេក ស្រុក​មុខកំពូល ខេត្តកំពង់ចាម ទីលំនៅ​បច្ចុប្បន្ន ភូមិ​៣ សង្កាត់​ច្រាំង​ចំ​រះ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។ ២. ឈ្មោះ មឿ​ន សា​រ៉ា​វី ហៅ សឿ​ន សា​វី ភេទ​ប្រុស អាយុ ៥០​ឆ្នាំ មុខរបរ យោធា​ព្យួ​ឈ្មោះ​នៅ​កងពល​អន្តរាគមន៍​លេខ​២ ជើង​គោក មានស្រុក​កំណើត​នៅ​ភូមិ​កំពង់​សំបូរ ឃុំ​សំរោង ស្រុក​សង្កែ ខេត្តបាត់ដំបង បច្ចុប្បន្ន​នៅ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។ ៣. ឈ្មោះ ទី​ន លី ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្រុក​កំណើត​ភូមិ​ព្រែក​តា​ងួ​ន ឃុំ​ព្រែក​តា​ងួ​ន ស្រុក​កោះសូទិន ខេត្តកំពង់ចាម មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ច្រាំង​ចំ​រះ​ទី​២ សង្កាត់​ច្រាំង​ចំ​រះ​ទី​២ ខណ្ឌ​អូរ​ឫស្សី រាជធានី​ភ្នំពេញ ។ ៤. ឈ្មោះ ឈុ​ន សុ​ជា ហៅ ហ៊ុយ ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ស្រុ​កំណើត​នៅ​ភូមិ​ស្តៅ ឃុំ​ត្រែង ស្រុក​វឌ្ឍន​សង្គម ខេត្តបាត់ដំបង មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ឃ្លាំង​ស្បែក ឃុំ​កំពង់​ហ្វួ​ង ស្រុក​ពញាឮ ខេត្តកណ្តាល​។ ៥. ឈ្មោះ ស្មាន ស្មា​អែ​ល ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​មាន​ស្រុ​កំណើត​និង​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ឃ្លាំង​ស្បែក ឃុំ​កំពង់​ហ្វួ​ង ស្រុក​ពញាឮ ខេត្តកណ្តាល ។ ចំណែកឯ​ជន​រង​គ្រោះ​ឈ្មោះ រឹត សា ភេទ​ស្រី អាយុ ២៥​ឆ្នាំ ភូមិ​ត្រពាំង​វែង សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ខេត្តសៀមរាប

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ៖ នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​១៣ និង​០០​នាទី មាន​ករណី​ឆបោក​( រៀប​គម្រោង និង​អះអាង​ខ្លួន​ថា​ជា​ឯកឧត្តម ឬ​ឧកញ៉ា យក​ម៉ាស៊ីនភ្លើង​លក់ )​នៅ​ភូមិ​ត្រពាំង​វែង សង្កាត់​ក្របី​រៀល ក្រុង​/​ខេត្តសៀមរាប បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន ០៥​នាក់ ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​២R-៤១៧៩ បាន​ចូល​ទៅ​ផ្ទះ​ជន​រង​គ្រោះ​ឈ្មោះ រឹត សា ភេទ​ស្រី អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​កើត ហើយ​ប្រាប់​ជន​រង​គ្រោះ​ថា​ខ្លួន​ជា​ឯកឧត្តម មាន​ម៉ាស៊ីនភ្លើង​លក់​ដែល​មិត្ត​ភ័ក្ក​ឲ្យ​ដោយ​តម្លៃ​ដើម​១២០០​ដុល្លារ ហើយ​ចង់​លក់​យក​លុយ​ទិញ​ស្រា​ផឹក ដោយ​ប្រាប់​ជន​រង​គ្រោះ​ទៀត​ថា បើ​ទិញ​ពួក​ខ្លួន​លក់​តែ​តម្លៃ ៧០០​ដុល្លារ​ទេ ។ ពេល​នោះ​ជន​រង​គ្រោះ​មិន​ព្រម​ទិញ ក៏​ធ្លាក់​ថ្លៃ​ក្នុង​តម្លៃ​៤០០​ដុល្លារ តែ​ជន​រង​គ្រោះ​នៅ​តែ​មិន​ទិញ ។ បន្ទាប់​មក​ជនសង្ស័យ​បាន​លួងលោម​ជន​រង​គ្រោះ ដោយ​បក្ខពួក​បាន​នាំ​ជន​រង​គ្រោះ​ទៅ​យក​ប្រាក់​បាន​ចំនួន ២៧០​ដុល្លារ ខណៈ​ពេល​ដែល​នាំ​ជន​រង​គ្រោះ​ទៅ​យក​ប្រាក់ ក្រុម​ជនសង្ស័យ​ម្នាក់​ទៀត​បាន​ប្រាប់​ទៅ​ប្អូនប្រុស​ជន​រង​គ្រោះ​ថា (​បង​ឯង​ខ្វះ​លុយ​អោយ​ថែម​ស្រា​បៀ ចំនួន​១៥​កេះ )​ហើយ​ប្អូន​ជន​រង​គ្រោះ​ក៏​ជួយ​លើកដាក់​រថយន្ត​ជនសង្ស័យ ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​ហើយ​ជនសង្ស័យ​បាន​នាំ​គ្នា​បើករថយន្ត​គេចខ្លួន​បាត់ ។

បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ជន​រង​គ្រោះ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ និង​ស្វែងរក​ជនសង្ស័យ​និង​រថយន្ត​ជនសង្ស័យ ដោយនៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២២ ក្រុម​ជនសង្ស័យ​បំ​រ៉ុ​ង​ធ្វើ​សកម្មភាព​បោកប្រាស់​ប្រជាពលរដ្ឋ​ដោយ​លក់​ម៉ាស៊ីនភ្លើង​ទៀត​នៅ​ផ្សារ​កន្ត្រក ក្នុងភូមិ​កន្ត្រក សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប ត្រូវ​សមត្ថកិច្ច​យើង​ប្រទះ​ឃើញ តែ​ក្រុម​ជនសង្ស័យ​បាន​បើករថយន្ត​គេចខ្លួន រហូត​ដល់​ចំណុច​ខាងលិច​រង្វង់​ស្វាយ​ធំ ក្នុងភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ទាំង​០៥​នាក់​ខាងលើ​មក​សួរនាំ ហើយ​យក​មក​សួរនាំ ។
តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ៖

០១. ជនសង្ស័យ​ឈ្មោះ សុះ លី បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ប្រាប់​បក្ខពួក​អោយ​ហៅ​ខ្លួន​ថា​ឯកឧត្តម ឬ​ឧកញ៉ា ដើម្បី​អោយ​ការ​លក់​ម៉ាស៊ីនភ្លើង មាន​ភាព​រលូន និង​មាន​ចាត់តាំង​បក្ខពួក​ជា​អង្គ​អក្ស ហើយ​នៅ​ថ្ងៃ​កើតហេតុ​ខ្លួន​ពិតជា​បាន​ប្រាប់​ទៅ​ជន​រង​គ្រោះ​ថា​ខ្លួន​មាន​ងារ​ជា​ឯកឧត្តម និង​មាន​ម៉ាស៊ីនភ្លើង​លក់ តម្លៃ​ដើម ១២០០​ដុល្លារ ហើយ​ចង់​លក់​យក​លុយ​ទិញ​ស្រា​ផឹក ដោយ​ប្រាប់​ជន​រង​គ្រោះ​ទៀត​ថា បើ​ទិញ ពួក​ខ្លួន​លក់​តែ​តម្លៃ ៧០០​ដុល្លារ​ទេ ពេល​នោះ​ជន​រង​គ្រោះ​បដិសេធ ក៏​ធ្លាក់​ថ្លៃ​ក្នុង​តម្លៃ​៤០០​ដុល្លារ តែ​ជន​រង​គ្រោះ​នៅ​តែ​បដិសេធ​មិន​ទិញ បន្ទាប់​មក​ខ្លួន​ពិត​បាន​លួងលោម​ជន​រង​គ្រោះ ហើយ​អោយ​បក្ខពួក​បាន​នាំ​ជន​រង​គ្រោះ​ទៅ​យក​ប្រាក់​បាន​ចំនួន​២៧០​ដុល្លារ ក្នុង​ពេល​ដែរ​នាំ​ជន​រង​គ្រោះ​ទៅ​យក​ប្រាក់ ក្រុម​ខ្លួន​បាន​ប្រាប់​ទៅ​ប្អូនប្រុស​ជន​រង​គ្រោះ​ថា​( បង​ឯង​ខ្វះ​លុយ​អោយ​ថែម​ស្រា​បៀ ចំនួន​១៥​កេះ )​ប្រាកដ​មែន រីឯ​ប្រាក់​ដែល​ពី​ការ​បោកប្រាស់​លក់​ម៉ាស៊ីនភ្លើង ខ្លួន​ជា​អ្នក​បែងចែក​ចំណែក​។

២. ជនសង្ស័យ​ឈ្មោះ មឿ​ន សា​រ៉ា​វី បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ត្រូវ​បាន​ឈ្មោះ សុះ លី អោយធ្វើ​ជា​អង្គរក្ស និង​ពេល​លើក​ម៉ាស៊ីនភ្លើង​លក់ ព្រមទាំង​អោយ​ពាក់​ឯកសណ្ឋាន​យោធា លក់​ម៉ាស៊ីនភ្លើង ក្នុង​ការ​លក់​ម៉ាស៊ីនភ្លើង​ដាច់​ខ្លួន​ក៏​ទទួល​បាន​ចំណែក​ផង​ដែរ​។

៣. ជនសង្ស័យ​ឈ្មោះ ទី​ន លី បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ត្រូវ​បាន​ឈ្មោះ សុះ លី នាំ​មក​រកស៊ី​ជាមួយ​ដោយ​ខ្លួន​ជា​អ្នក​បើកឡាន ដើម្បី​លក់​ម៉ាស៊ីនភ្លើង និង​ចុះ​អម​ពេល​ឈ្មោះ សុះ លី ចុះ​ទៅ​លក់​ម៉ាស៊ីនភ្លើង ក្នុង​ការ​លក់​ម៉ាស៊ីនភ្លើង​ដាច់​ខ្លួន​ក៏​ទទួល​បាន​ចំណែក​ផង​ដែរ​។

៤. ជនសង្ស័យ​ឈ្មោះ ឈុ​ន សុ​ជា ហៅ​ហ៊ុយ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ចូលរួម​ធ្វើ​សកម្មភាព​ជាមួយ​បក្ខពួក​ដោយ​ខ្លួន ត្រូវ​ឈ្មោះ សុះ លី អោយធ្វើ​ជា​អង្គរក្ស និង​ហៅ​ឈ្មោះ សុះ លី ថា​ឯកឧត្តម ឬ​ឧកញ៉ា ពេល​លក់​ម៉ាស៊ីន ហើយ​ខ្លួន​ពិតជា​បាន​ប្រាប់​ទៅ​ប្អូន​ជន​រង​គ្រោះ​ថា ការ​លក់​ម៉ាស៊ីនភ្លើង​នេះ គឺ​ខ្វះ​ប្រាក់ និង​អោយ​ប្អូន​ជន​រង​គ្រោះ​ជួយ​លើក​ស្រា​បៀ ដាក់​រថយន្ត ក្នុង​ការ​លក់​ម៉ាស៊ីនភ្លើង​ដាច់​ខ្លួន​ក៏​ទទួល​បាន​ចំណែក​ផង​ដែរ​។

៥.​ជនសង្ស័យ​ឈ្មោះ ស្មាន ស្មា​អែ​ល បាន​ឆ្លើយ​សារភាព​ដូច​ជនសង្ស័យ ឈ្មោះ​ឈុ​ន សុ​ជា ហៅ​ហ៊ុយ ដែរ ។

ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ដកហូត​បាន រថយន្ត​ចំនួន ០១​គ្រឿង ម៉ាស៊ីនភ្លើង​ក្រុម​ជនសង្ស័យ​ចំនួន ០១​គ្រឿង និង​ម៉ាស៊ីនភ្លើង​ដែល​ជនសង្ស័យ​លក់​អោយ​ជន​រង​គ្រោះ​ចំនួន ០១​គ្រឿង ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន សមត្ថកិច្ច​ឃាត់ខ្លួន និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដេ​ី​ម្បី​អនុវត្ត​តាម​នីតិវិធី​បន្ត ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ