ចាប់​ក្មេង​ទំនើង​បាន ១៤​នាក់​!! ក្រោយ​ជិះ​ម៉ូតូ​បង្ហោះ កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​លឺ​ខ្លាំង​និង​ជិៈ​ម៉ូតូ​រេ​ពេញ​ផ្លូវ

0

បន្ទាយ​មាន​ជ័យ ៖ នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​១៤​នាក់ ដែល​ជិៈ​ម៉ូតូ​បង្ហោះ កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​លឺ​ខ្លាំង​និង​ជិៈ​ម៉ូតូ​រេ​ពេញ​ផ្លូវ កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​០៩​ព្រឹក​ដល់​ម៉ោង​០៥​ល្ងាច ។
លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការ​នគរបាល​ល​ក្រុង​សិរី​សោភ័ណ​បាន​ឲ្យ​ដឹង​ថា ការ​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​នេះ ដោយ កំលាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​, ផ្នែក​ព្រហ្មទណ្ឌ​និង​ផ្នែក​សណ្តាប់ធ្នាប់ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទឹកថ្លា សង្កាត់​កំពង់ស្វាយ និង​សង្កាត់​អូរ​អំបិល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការ​នគរបាល​ក្រុង ចុះ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ម៉ូតូ​កែ​ច្នៃ​ស៊ី​មាំ​ង ម៉ូតូ​លឺ​សំលេង​ខ្លាំង ត្រង់​ចំណុច​ភូមិសាស្ត្រ សង្កាត់​ទឹកថ្លា​,​សង្កាត់​អូរ​អំបិល និង​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការ​នគរបាល​ល​ក្រុង​សិរី​សោភ័ណ បាន​បញ្ជាក់​ថា ៖ ចំពោះ​ក្មេង​ទំនើង​ទាំងនោះ​នគរបាល​ឲ្យ​រត់​ចំនួន​២០​ជុំ​ដងទង់​ជាតិ រួច​ធ្វើការ​អប់រំ ធ្វើ​កិច្ចសន្យា​បញ្ឈប់​មិន​ឲ្យ​ប្រព្រឹត្ត​ជា​លើក​ទី​២​បន្ត​ទៀត បើ​មិន​រៀងចាល​ចាប់​បានជា​លើក​ទី​២ នឹង​អនុវត្ត​តាម​វិធានការ​រដ្ឋបាល បន្ទាប់​មក​កោះហៅ​ឪពុក​ម្តាយ​ឬ​អាណាព្យាបាល​មក​ធានា​យក​ទៅ​អប់រំ​បន្ត ហើយ​ម៉ូតូ​ដែល​ពាក់ព័ន្ធ​នឹង​បំពង់​ស៊ី​ម៉ាំង​លឺ​ខ្លាំង តម្រូវ​ឲ្យ​ម្ចាស់​ដាក់​បំពង់​ស៊ី​ម៉ាំង​ឲ្យ​ត្រូវ​តាម​លក្ខណៈ​ដើម​វិញ ។ ដោយឡែក​ម៉ូតូ​ដែល​អត់​ពន្ធ​នោះ សមត្ថកិច្ច​អនុវត្ត​តាម​ច្បាប់​។

ជាមួយ​គ្នា​នោះ​ដែរ លោក​អធិការ​នគរបាល​ក្រុង បាន​អំពាវនាវ​ដល់ ឪពុក​ម្តាយ ឬ​អាណាព្យាបាល​មេត្តា​ណែនាំ​ដល់​កូនចៅ របស់​ខ្លួន​កុំ​ឲ្យ​ប្រព្រឹត្ត​នូវ​អំពើ​ដែល​សង្គម​ស្អប់ខ្ពើម ដូច​ជា​ការ​បង្ហោះ​ម៉ូតូ ជិៈ​រេ​ចុះឡើង​ពេញ​ផ្លូវ​នេះ វា​បង្ក​គ្រោះថ្នាក់​ខ្លួនឯង​និង​អ្នក​ដទៃ​ដែល​ប្រើប្រាស់​ផ្លូវ​ជាមួយ​។ ចំពោះ​ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​លឺ​ខ្លាំង​វា​រំខាន​ដល់​អារម្មណ៍ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ