ភ្នំពេញ៖ ការប្រកួតពានរង្វាន់ AFC Asian Cup 2023 Qualifiers Final Round ដែលឥណ្ឌាធ្វើជាម្ចាស់ផ្ទះ ហើយការប្រកួតនេះ ម្ចាស់ផ្ទះឥណ្ឌា ត្រូវប៉ះជាមួយកម្ពុជា នៅម៉ោង១០ យប់ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។ ក្នុងការស្នាក់នៅរបស់ក្រុមកីឡាបាល់ទាត់កម្ពុជា ម្ចាស់ផ្ទះ មិនអាចរៀបចំអាហារហូបចុកត្រឹមត្រូវឱ្យកម្ពុជាបាន គឺជារឿងមួយ ហើយរឿងមួយទៀតគឺពួកគេមិនអាចចាក់ភ្លេងជាតិកម្ពុជាឱ្យគោរពបានអំឡុងការប្រកួតថែមទៀត។
ទាក់ទងនឹងបញ្ហាដែលបានកើតឡើងខាងលើនេះ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺបានបង្ហាញពីអារម្មណ៍ និងមតិយោបល់លើបញ្ហានេះថា មិនថាវាជាកំហុស ឬបញ្ហាបច្ចេកទេសទេ តែឯកឧត្ដមសង្ឃឹមថា នឹងមានការពន្យល់គ្រប់គ្រាន់ពីខាងភាគីឥណ្ឌាទៅលើបញ្ហានេះ។ នេះបើតាមផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម ហ៊ុន ម៉ានី នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២។
ឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងថា នៅពេលការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិ៣ ប្រទេស យើងឃើញថា ឈ្នះ ឬចាញ់គឺជាផ្នែកមួយនៃការប្រកួត និងកម្រិតនៃបដិសណ្ឋារកិច្ចអាស្រ័យលើប្រទេសម្ចាស់ផ្ទះ ឬទីកន្លែងប្រកួត។ ឯកឧត្ដមបានលើកឡើងថា
ទោះជាយ៉ាងណាក៏ដោយ យ៉ាងហោចណាស់ គឺត្រូវយកចិត្តទុកដាក់បំផុត នៅពេលគោរពទង់ជាតិនៃប្រទេសជាភ្ញៀវ។ ឯកឧត្ដមបានអះអាងថា “ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់លើអ្វីដែលបានកើតឡើងកាលពីម្សិលមិញក្នុងការប្រកួតក្របខ័ណ្ឌ AFC Asian Cup ដែលក្រុមជម្រើសជាតិកម្ពុជាប្រកួតជាមួយក្រុមជម្រើសជាតិឥណ្ឌា ហើយអ្វីដែលបានកើតឡើងក្នុងអំឡុងពេលគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា”។
ឯកឧត្ដម ហ៊ុន ម៉ានី បានបញ្ជាក់ថា ក្នុងនាមឯកឧត្ដមជាពលរដ្ឋកម្ពុជា ឯកឧត្ដមគាំទ្រសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដើម្បីស្វែងរកចម្លើយ និងការពន្យល់បន្ថែមពី AFC និងម្ចាស់ផ្ទះ។ ឯកឧត្ដមសង្ឈឹមថា នឹងមានការប្រុងប្រយ័ត្នយកចិត្ដទុកខ្ពស់ជាងមុនសម្រាប់ព្រឹត្តិការណ៍នាពេលអនាគត ដើម្បីកុំឱ្យបញ្ហា ឬកំហុសនេះកើតឡើងជាថ្មីទៀតសម្រាប់គ្រប់ក្រុមជម្រើសជាតិ។
ឯកឧត្ដមក៏បានស្នើឱ្យបងប្អូនជនរួមជាតិ សូមអត់ធ្មត់ រង់ចាំការពន្យល់ និងផ្តោតសំខាន់ក្នុងការគាំទ្រក្រុមជម្រើសជាតិរបស់យើង ដែលគ្រោងនឹងមានការប្រកួតពីរទៀត។ ជាងនេះទៅទៀត ពួកគាត់ត្រូវការការគាំទ្រផ្នែកស្មារតី និងការអបអរសាទរពីពួកយើង។
ឯកឧត្ដមក៏បានជំរុញឱ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ដែលមាន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន បន្តចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារក្រុមជម្រើសជាតិយើងពេលដែលពួកគេចេញទៅប្រកួតក្រៅប្រទេស។
ឯកឧត្ដមបានបញ្ជាក់បន្ថែមថា “សម្រាប់ក្រុមជម្រើសជាតិរបស់យើង ទាំងគ្រូបង្វិក និងកីឡាកររបស់យើង យើងមានមោទនភាពចំពោះអ្នកទាំងអស់គ្នា មិនថាក្នុងកាលៈទេសៈអ្វីក៏ដោយ ត្រូវរឹងមាំ និងធ្វើឱ្យអស់ពីសមត្ថភាព។ ប្រជាជនទាំង១៦លាននាក់របស់យើងនឹងឈរនៅទីនេះគាំទ្រអ្នកនៅគ្រប់ការប្រកួតតំណាងជាតិ”។
សូមជម្រាបជូនថា នៅម៉ោង១០យប់ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយជម្រើជាតិឥណ្ឌាដែលជាម្ចាស់ផ្ទះ ក្នុងជំនួបបើកឆាកពូល D នៃវគ្គជម្រុះជុំចុងក្រោយពានរង្វាន់ AFC Asian Cup 2022។ ក្នុងការប្រកួតនោះ ក្រុមឥណ្ឌាបានយកឈ្នះលើក្រុមកម្ពុជា ២ ទល់ ០ ដោយការប្រកួតក្នុងតង់ទី១ ក្រុមឥណ្ឌារកបាន១គ្រាប់មុន ហើយចូលដល់តង់ទី២ ក្រុមឥណ្ឌារកបាន១គ្រាប់បន្ថែមទៀត។ ចប់ការប្រកួត ក្រុមជម្រើសជាតិឥណ្ឌា ២ ឯក្រុមជម្រើសជាតិកម្ពុជា ០ ៕
ប្រភព៖ ក្រសួងព័ត៌មាន