ភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យកើតជាអគ្គិភ័យឆាបឆេះមន្ទីរពហុព្យាបាលអន្តរជាតិ ខេមា ព្រមទាំងឆេះបំផ្លាញសម្ភារៈអស់មួយចំនួន ហើយសមត្ថកិច្ចប្រើប្រាស់ឡានទឹកអស់ ៣ឡាន ទើបបាញ់បានរលត់ទាំងស្រុងនៅនាវេលាម៉ោង ៨និង០០នាទីព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២២នេះ ។
យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ទីតាំងខាងលើនេះ គឺស្ថិតនៅតាមបណ្តោយផ្លូវ២៩៤ ភូមិ០៦ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បន្តថា ដោយនៅក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើនឹង ២៤ម៉ែត្រគូប ។
លោកវរសេនីយ៍ឯក បានបន្តទៀតថា ចំពោះករណីអគ្គិភ័យខាងលើនេះ គឺពុំបណ្តាលឲ្យមានអ្នករងរបួសនោះឡើយ ដោយគ្រាន់តែខូចខាតឆេះបន្ទប់ប្រព័ន្ធទូរ Servery Network ទំហំ ១,៥ម៉ែត្រ x ២ម៉ែត្រ តែប៉ុណ្ណោះ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ