បាត់ដំបង ៖ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២០ និង៤៦នាទីយប់ មានករណីលួច (កាត់ខ្សែក) កើតឡើង ០១លើក ត្រង់ចំណុចទីតាំងប្រគុំតន្ត្រីខនសើត ស្ថិតក្នុងក្រុមទី០៦ ភូមិបាណង់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដៅ នៃអធិការដ្ឋាននគរបាលស្រុកបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នាវេលាម៉ោង១៣និង៥១នាទីរសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ។
មន្ត្រីនគរបាលស្រុករតនមណ្ឌល បានឱ្យដឹងថា ៖ ជនសង្ស័យទាំង ០៣នាក់ ១-ឈ្មោះ អ៊ុំ ណៃ ភេទស្រី អាយុ៤៥ឆ្នាំ មានទីលំនៅភូមិសៃសិន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។ ២-ឈ្មោះ គង់ សុភាព ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិសៃសិន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។ ៣-ឈ្មោះ ខេង សូលាវ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយបែត ខេត្តបាត់ដំបង ។ ក្រោយពីសាកសួរស្ត្រីជាជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ក្រុមខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែកផ្លាកទីនទម្ងន់ ០៥ជី តម្លៃ ១៤០០ដុល្លារ (មួយពាន់បួយរយ) របស់ជនរងគ្រោះឈ្មោះ ទោម សទ្ធា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ