បាត់ដំបង ៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានទទួលពាក្យបណ្តឹងជនរងគ្រោះឈ្មោះ ខាត់ សារ៉ាន់ (ផុន) ភេទប្រុស អាយុ ៧១ឆ្នាំ មានទីលំនៅភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថាមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅត្រង់ចំណុចក្រុមទី១ភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង បង្កដោយជនសង្ស័យជាកូនឈ្មោះ វ៉ាន់ សុភុំ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ដោយបានធ្វើសកម្មភាពយកដែកជ្រុងវាយទៅលើឪពុកបណ្តាលអោយបាក់កដៃឆ្វេងនិងប៉ោងឆ្អឹងជំនីឆ្វេង (ជនរងគ្រោះកំពុងសំរាកនៅមន្ទីពេទ្យ) ។
ករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានធ្វើការដឹកនាំកម្លាំងធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ វ៉ាន់ សុភុំ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរពាក់ពន្ធ័ករណីហឹង្សាខាងលើ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពិតជាបានប្រព្រឹត្តិអំពើហិង្សាដោយយកដែកជ្រុងវាយទៅលើឪពុកខ្លួនបណ្តាលអោយបាក់កដៃឆ្វេង និងប៉ោងឆ្អឹងជំនីរឆ្វេងពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស៏យត្រូវបានកម្លាំងនគរបាលក្រុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ