រថយន្ត ២​គ្រឿង​បុក​គ្នា បណ្តាល​អោយ​តៃកុង​ឡាន​ម្នាក់​កៀប​ស្លាប់​នឹង​រថយន្ត

0

កំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​រថយន្ត​២​គ្រឿង​បាន​កៀរ​គ្នា នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​០២:០០​នាទី នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ៩១-៩២ ត្រង់​ចំណុច​ភូមិ​ចំការ​ចេក ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក ហ៊ី​យ៉ុ​ន​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល 3A-1735 សឺ​មី​រ៉ឺ​ម៉ក់ ពាក់​ស្លាក​លេខ 4A-0041 បើកបរ​ទិស​ដៅ​ពី​កើត​ទៅ​លិច អ្នកបើកបរ​ឈ្មោះ ភឿ​ង វ​ណ្ណា ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ​នៅ​ភូមិ​តាំង​ឬ​ស្សី ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មក​ដល់​ចំណុច​ខាងលើ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ក៏​បាន​កៀរ​រថយន្ត​ដឹក​នំ​មួយ​គ្រឿង​ទៀត ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3F-2267 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (​ចុះ​រត់គេច​បាត់​) ។

ក្នុង​ហេតុការណ៍​នេះ​បណ្តាល​អោយ​អ្នកបើកបរ​រថយន្ត​កុង​ទី​ន័​រ​គាប​ស្លាប់​នៅ​កន្លែង​កើតហេតុ រថយន្ត​កុង​ទី​ន័​រ​រង​ការ​ខូចខាត​ធ្ងន់ និង​រថយន្ត​ដឹក​នំ​រង​ការ​ខូចខាត​ស្រាល ។ រីឯ​សព សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​បងប្អូន​។ ចំណែក​វត្ថុ​តាង​ទាំង​ពីរ​ផ្នែក​ជំនាញ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ដើម្បី​ស្រាវជ្រាវ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ