Update៖ មក​ដឹង​ដំណើរ​លម្អិត​រឿង បុរស​ម្នាក់​ប្រើ​ទុយោ​ជ័រ វាយ​ស្ត្រី​ម្នាក់​របួស​ពេញ​ខ្លួន ធ្វើ​អោយ​ផ្អើល​ក្នុង​ហ្វេ​ស​ប៊ុ​ក

0

ព្រះ​សីហ​នុ​៖ សូម​ជម្រាប​ជូន​សាធារណជន និង​បងប្អូន​សារព័ត៌មាន​មេត្តា​ជ្រាប​ថា តាម​របាយការណ៍​បឋម កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២២ ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ព្រះ​សីហ​នុ បាន​ទទួល​បណ្ដឹង​របស់​ស្ដ្រី​ឈ្មោះ ហាំ​ង ស៊ី​វត្ថិ​វណ្ណ​នី​ដា ពី​ករណី​បុរស​ឈ្មោះ ស៊ា​ន វុ​ទ្ធី បាន​ប្រើ​ហិង្សា​មក​លើ​នាង បណ្ដាល​ឱ្យ​នាងរង​របួស​ធ្ងន់ធ្ងរ កាលពី​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២២ នៅ​បន្ទប់​ជួល​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ដ​ព្រះ​សីហ​នុ​។

យោង​កំណត់ហេតុ​បំភ្លឺ នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បានឱ្យ​ដឹង​ថា​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៣​ទាប​ភ្លឺ កាលពី​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២២ ដោយ​ស្ដ្រីជន​រង​គ្រោះ​បាន​ទៅ​រក​ជួប​អតីត​ប្ដី ឈ្មោះ ស៊ា​ន សា​រ៉ា​ឌី នៅ​បន្ទប់​ជួល​ទីតាំង​ខាងលើ ដោយ​នាង​បាន​តោង​របង​(​ផ្លោះ​របង​)​ចូល​ក្នុង​បរិវេណ​ផ្ទះ​ជួល ហើយ​ដើរ​សំដៅ​បន្ទប់​ជួល​របស់​អតីត​ប្ដី​នាង ដោយ​ឃើញ​បង្អួច​បិទ​ជិត នាង​បាន​យក​កាំបិត​តាំង​តោ​នៅ​ក្នុង​រោង​បាយ មក​កាប់​ទ្វារ​កញ្ចក់​បង្អួច​បន្ទប់​អតីត​ប្ដី បណ្ដាល​ឱ្យ​បែក​កញ្ចក់​អស់​០១​ផ្ទាំង តែ​នាង​មិនឃើញ​ប្ដី​នាង​ក្នុង​បន្ទប់​នោះ​ទេ​។ នាង​ក៏​បាន​ដើរ​ចេញ​វិញ​ទៅ​ឈរ​ស្រែកហៅ​ឈ្មោះ​ឌី​(​ជា​អតីត​ប្ដី​)​ខ្លាំង​ៗ នៅ​មុខ​បន្ទប់​របស់​ឈ្មោះ ស៊ា​ន វុ​ទ្ធី ជា​បងថ្លៃ​។ ពេល​នោះ​ឈ្មោះ ស៊ា​ន វុ​ទ្ធី និង​ប្រពន្ធ បាន​ចេញពី​បន្ទប់​មក​ស្ដី​ឱ្យឈ្មោះ ហាំ​ង ស៊ី​វត្ថិ​វណ្ណ​នី​ដា ហើយ​ក៏​បណ្ដាល​ឱ្យ​មានការ​ទាស់​សំដី​គ្នា​បង្ក​ជា​ហិង្សា​កើតឡើង​(​ប្រតាយប្រតប់​) រវាង​ស្រី្ដ​រង​គ្រោះ និង​ប្រពន្ធ​របស់​ឈ្មោះ ស៊ា​ន វុ​ទ្ធី​។ ក្រោយមក​ម្ចាស់ផ្ទះ​ឈ្មោះ នូ ចន្ទ​ដូ​រេ​ន បាន​មក​ហាមឃាត់​ភាគី​ទាំង​សងខាង​តែ​ពួក​គេ​មិន​ស្ដាប់ ហើយ​ឈ្មោះ ស៊ា​ន វុ​ទ្ធី បាន​ប្រើ​ទុយោ​ជ័រ​(​ទំហំ​២១​ម​.​ម​)​វាយ​ទៅ​លើ​ស្ដ្រី​រង​គ្រោះ​បណ្ដាល​ឱ្យ​មាន​របួស​ភ្លៅ និង កំភួនជើង​ផ្នែក​ខាងក្រោយ ដើម្បី​ទម្លាក់​កាំបិត​ពី​ដៃ​ស្ត្រី​ឈ្មោះ ហាំ​ង ស៊ី​វត្ថិ​វណ្ណ​នី​ដា​។ ក្រោយ​ហេតុការណ៍​ភ្លាម​ៗ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ​៣ និង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បាន​ចុះ​អន្ដរាគមន៍ កន្លែង​កើតហេតុ​ដោយ​បាន​នាំ​ភាគី​ទាំង​សងខាង រួម​និង​សាក្សី ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​។ ជា​លទ្ធផល​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​សម្របសម្រួល​គ្នា​បញ្ចប់រឿង ដោយ​ស្ដ្រីជន​រង​គ្រោះ​ស្ម័គ្រចិត្ដ​ទទួលយក​ប្រាក់​ចំនួន​៥០០$ ដើម្បី​ព្យាបាល​របួស និង​ផ្ដិត​មេដៃ​ដក​បណ្ដឹង​លើ​ឈ្មោះ ស៊ា​ន វុ​ទ្ធី ផង​ដែរ​។ (​របាយការណ៍​បឋម​)
ក្រោយមក​នៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២២ ស្រាប់តែ​ស្ដ្រីជន​រង​គ្រោះ​ខាងលើ បាន​មក​ដាក់​ពាក្យបណ្ដឹង នៅ​ស្នងការដ្ឋាន​គ​របាល​ខេត្ដ​ព្រះ​សីហ​នុ ថែម​ទាំង​បាន​បង្ហោះ​សារ និង​រូបភាព​តាម​បណ្ដាញ​សង្គម ពី​ករណី​ដដែល​នេះ​។

ក្រោយ​ពេល​ទទួល​បាន​បណ្ដឹង​នេះ មន្ដ្រី​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ព្រះ​សីហ​នុ បាន​ធ្វើការ​កោះហៅ​ភាគី​ពាក់ព័ន្ធ​មក​បំភ្លឺ​ជា​បន្ទាន់​ជុំវិញ​ករណី​នេះ នៅ​ការិយាល័យ​ជំនាញ​។ បច្ចុប្បន្ន មន្ត្រី​នគរបាល​បាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពុង​អនុវត្ត​នីតិវិធី​សាកសួរ​។ ព័ត៌មាន​លម្អិត​នឹង​ផ្តល់​ជូន​នៅ​ពេល​បន្ទាប់​។
អាស្រ័យ​ដូច​បាន​ជម្រាប​ជូន សូម​សាធារណជន និង​បងប្អូន​សារព័ត៌មាន​ទាំងអស់​មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ