អគ្គី​ភ័យ​ឆាប់ឆេះ​ផ្ទះ​នៅ​សង្កាត់​ច្រាំង​ចំរេះ​អស់​ចំនួន ១៨​ខ្នង

0

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២២ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ១៨​ខ្នង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ភូមិ​២ ក្រុម​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹង​ថា ៖ ចំពោះ​ករណី​អគ្គិភ័យ​ខាងលើ​នេះ គឺ​បណ្ដាល​ឱ្យ​ផ្ទះ​ចំនួន ១៨​ខ្នង ត្រូវ​បាន​ឆាបឆេះ​អស់ទាំង​ស្រុង ដោយ​ក្នុង​នោះ ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ចំនួន ១៨​ខ្នង គឺ​សាងសង់​អំពី​ថ្ម​ក្រោម​ឈើ​លើ និង​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​ឡើយ ។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន បាន​ឲ្យ​ដឹង​ទៀត​ថា ៖ នៅ​ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​ខាងលើ​នេះ កម្លាំង​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៣០​គ្រឿង ដោយ​ក្នុង​នោះ​រថយន្ត​ការិយាល័យ​អគ្គិភ័យ​ចំនួន ២១​គ្រឿង ប្រើប្រាស់​ទឹក​អស់ ៤២​ឡាន ស្មើនឹង ១៦៨​ម៉ែត្រគូប​, រថយន្ត​ជំនួយ​អន្តរាគមន៍​មក​ពីសា​លា​ខណ្ឌឫស្សីកែវ​ចំនួន ១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ២​ឡាន ស្មើនឹង ៨​ម៉ែត្រគូប​, រថយន្ត​ក្រុមហ៊ុន OCIC ទីក្រុង​ជ្រោយចង្វារ ចំនួន ៧​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ៧​ឡាន ស្មើនឹង ២៨​ម៉ែត្រគូប​, រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន ១​គ្រឿង ប្រើប្រាស់​ទឹក​អស់ ១​ឡាន ស្មើនឹង ៤​ម៉ែត្រគូប ។

លោក​វរសេនីយ៍ឯក បាន​បន្ត​ទៀត​ថា ៖ នៅ​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​បាន​ធ្វើការ​អន្តរាគមន៍​បាញ់​ពន្លត់​ឲ្យ​រលត់​ទាំងស្រុង​នៅ​វេលា​ម៉ោង​១ និង​០០​នាទី​យប់​រំលង​អធ្រាត្រ ។ ចំពោះ​មូលហេតុ នៃ​ការ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ