ផឹក​ស្រវឹង​ជិះ​ម៉ូតូ​បុក​ឆ្កែ បណ្តាល​អោយ​ស្លាប់​ម្នាក់ និង​របួស​ម្នាក់

0

ពោធិ៍សាត់ ៖ បុរស​ពីរ​នាក់​បន្ទាប់​ពី​ផឹកស្រា​ស្រវឹង ជិះ​ម៉ូតូ​បុក​សត្វ​ឆ្កែ​បណ្ដាល​ឲ្យ​ស្លាប់​០១​នាក់​និង​រង​របួសស្រាល​០១​នាក់ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ទល់មុខ​ជញ្ជីង ចន្លោះ​គីឡូម៉ែត្រ​១៩២-១៩៣ ស្ថិត​នៅ​ភូមិ​ស្វាយ​អាត់ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២២ វេលា​ម៉ោង​២៣​និង​៤៥​នាទី បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ចុះ​ដល់​កន្លែង​កើតហេតុ​។

លោក​វរសេនីយ៍ឯក នាង វុ​ធ អធិការ​នគរបាល​ស្រុក​បាកាន​បាន​ឲ្យ​ដឹង​ថា តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេរី​០៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់​(1A-2174) បើកបរ​ដោយ​ឈ្មោះ ភាព កុយ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​បាក់មែក ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន​ខេត្តពោធិ៍សាត់​(​ស្លាប់​)​នៅ​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ឈ្មោះ​ចាន់ ថន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា រង​របួសស្រាល បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះដល់​កន្លែង​កើតហេតុ​ខាងលើ​បាន​បុក​ជាមួយ​សត្វ​ឆ្កែ​មួយ​ក្បាល​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​០១​នាក់​និង​រង​របួសស្រាល​០១​នាក់​។ ចំពោះ​សាកសព​សមត្ថកិច្ច​យើង​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​អ្នក​រង​របួសស្រាល​ត្រូវ​បាន​សមត្ថកិច្ច​និង​ក្រុម​គ្រូពេទ្យ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បាកាន​។

លោក​វរសេនីយ៍ឯក នាង វុ​ធ អធិការ​នគរបាល​ស្រុក​បាកាន​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​កម្លាំង​នគរបាល​ចរាចរណ៍​បាន​ចុះ​ទៅ​ពិនិត្យ និង​ធ្វើការ​វាស់វែង​រួច​ហើយ​បាន​សន្និដ្ឋាន​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​មក​ពី​កត្តា ស្រវឹងស្រា បើកបរ​ល្បឿន​លឿន បើកបរ​ម៉ូតូ​មិន​មាន​បំពាក់​កញ្ចក់​និង​មិន​ពាក់មួក​សុវត្ថិភាព​។ វត្ថុ​តាង​ម៉ូតូ​បាន​ប្រគល់​អោយទៅ​បងប្អូន​យក​ទៅ​ជួសជុល​ប្រើប្រាស់​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ